
ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែប្រកាសជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Magic 6 Pro នៅក្នុងប្រទេសឥណ្ឌា ដែលម៉ូដែលនេះ គឺជាស្មាតហ្វូនម៉ូដែល Flagship កំពូលរបស់ក្រុមហ៊ុន Honor។ ស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវលក្ខណៈសម្បត្តិពិសេសៗជាច្រើនដូចជាបន្ទះឈីប Qualcomm, អេក្រង់ដែលមានកម្រិត refresh rate ខ្ពស់ និងថាមពលថ្មធំជាដើម។ សម្រាប់ ស្មាតហ្វូន Magic 6 Pro ដែលមានទំហំ 12GB+512GB ដាក់លក់នៅឥណ្ឌា ជាមួយតម្លៃ Rs 89,999។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុននេះ ក៏បានប្រកាសថា តម្លៃរបស់ស្មាតហ្វូននេះ នឹងមិនមានការបញ្ចុះតម្លៃនោះទេនៅក្នុងរយៈពេល 6 ខែ។ ស្មាតហ្វូននេះ នឹងមានពណ៌ខ្មៅ និង Epi Green ហើយការលក់ស្មាតហ្វូននេះគឺចាប់ផ្តើមពីថ្ងៃទី 15 ខែសីហានេះនៅលើ Amazon ហាងលក់ធំៗ និងហាងអនឡាញរបស់ក្រុមហ៊ុន Honor ជាដើម។ ស្មាតហ្វូន Magic 6 Pro នេះមានបន្ទះឈីប Qualcomm Snapdragon 8 Gen 3 និងមានផ្ទៃត្រជាក់ VC Cooling ទំហំ 5052mm²។ សម្រាប់កម្មវិធី software នៅលើស្មាតហ្វូននេះ គឺរត់នៅលើ MagicOS 8.0 ផ្អែកលើ Android 14។

ក្រុមហ៊ុន Honor បានសន្យាថា នឹងធ្វើការអាប់ដេតទៅលើ Android សម្រាប់ស្មាតហ្វូននេះ មានរយៈពេលរហូតដល់ទៅ 4 ឆ្នាំ ហើយនិងមានការអាប់ដេតសុវត្ថិភាពរយៈពេល 5 ឆ្នាំ។ ស្មាតហ្វូន Honor Magic 6 Pro នេះ មានអេក្រង់ខាងមុខទំហំ 6.8-អ៊ីង OLED នឹងមានការឌីស្សាញគែមកោង ហើយនិងមានល្បឿន 120Hz Adaptive Dynamic Refresh Rate ព្រមទាំងមាន កម្រិតពន្លឺខ្ពស់បំផុត 5,000nits។

អេក្រង់នេះទ្រទ្រង់នូវ Dolby Vision ហើយនិងមានការពារដោយកញ្ចក់ Honor’s NanoCrystal Shield បន្ថែមទៅលើភាពរឹងមាំថែមទៀតផង។ បន្ថែមពីនេះ នៅលើអេក្រង់នេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ 4320Hz PWM dimming, HDR 10+ certification និងមានកម្រិត 1.07 ពាន់លានពណ៌ ហផយនិងទ្រទ្រង់នូវកម្រិតចាក់ពណ៌ 100% DCI-P3 color gamut ផងដែរ។
ស្មាតហ្វូន Magic 6 Pro នេះ ត្រូវបានក្រុមហ៊ុន Honor បំពាក់មកជាមួយនូវកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលមានការតម្លើងនូវឡែន Periscope Telephoto ទំហំ 108MP គាំទ្រជាមួយនឹងកម្រិតហ៊្សូម 2.5x optical zoom ហើយនិងការហ៊្សូម 100x digital zoom។ ចំពោះកាមេរ៉ាគោល គឺមានទំហំ 50MP គាំទ្រជាមួយនឹងមុខងារទប់លំនឹង optical image stabilization (OIS) ហើយនិងមួយគ្រាប់ទៀតទំហំ 50MP ជាប្រភេទ Ultrawide។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 50MP និងមានការមុខងារ 3D depth sensor ថែមទៀតផង។

ស្មាតហ្វូន Magic 6 Pro នេះមានថាមពលថ្មទំហំ 5600mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired fast ហើយនិង 66W wireless fast charging។ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវបន្ទះឈីប Honor E1 ហើយនិងប្រព័ន្ធPower Management System សម្រាប់បន្ថែមថាមពលថ្មកាន់តែប្រសើរ។ ដើម្បីពង្រឹងទៅលើការតភ្ជាប់នោះ ស្មាតហ្វូនថ្មីនេះ ក៏មានការតម្លើងនូវបន្ទះឈីប RF C1+ និងបច្ចេកវិទ្យាការពារទឹកនិងធូលី IP68 សម្រាប់ការពារធូលីនិងទឹកថែមទៀតផង៕
