
កាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Honor Magic 7 និង Magic 7 Pro នៅលើទីផ្សារប្រទេសចិន ហើយនៅក្នុងកំឡុងព្រឹត្តិការណ៌នោះ ក្រុមហ៊ុននេះក៏មានការបញ្ជាក់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនម៉ូដែលពិសេស Magic 7 RSR Porsche Design នៅចុងឆ្នាំនេះផងដែរ។ ដូចការគ្រោងទុកអញ្ចឹង នៅថ្ងៃនេះ ក្រុមហ៊ុនHonor បានចេញមកបញ្ជាក់ជាផ្លូវការណ៌ថា Honor Magic 7 RSR Porsche Design និងបច្ចេកវិទ្យារូបភាពរបស់ខ្លួន នឹងបង្ហាញវត្តមាននៅប្រទេសចិនថ្ងៃទី 23 ខែធ្នូនេះហើយ។
សូមជំរាបថា Honor Magic 7 RSR Porsche Design គឺជាម៉ូដែលពិសេសមួយ ដែលមានការរចនាឡើងជាមួយនូវសមាសភាគប្រណិតៗ និងមានការរំលេចនូវភាពអស្ចារ្យជាច្រើនថែមទៀតផង។ ស្មាតហ្វូននេះ មានជម្រើសពណ៌ Provence Purple និង Onyx Grey ដែលត្រូវបានធ្វើការច្នៃប្រឌិតឡើងដោយអ្នកជំនាញនៅ Stuttgart Porsche Design studio។ ព្រឹត្តិការណ៌របស់ក្រុមហ៊ុន Honor នៅថ្ងៃទី 23 ខែធ្នូខាងមុខនេះ គឺមានការផ្តោតទៅលើបច្ចេកវិទ្យារូបភាពថ្មីៗ។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនដាក់អោយ Pre-orders តាំងពីរដើមខែមកម្លេះ។

ចំពោះលក្ខណៈសម្បត្តិរបស់ Magic 7 RSR Porsche Design ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.8-អ៊ីង OLED panel បង្ហាញចេញបានកម្រិត 2K resolution រត់បានល្បឿន 120Hz refresh rate និងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite។ សម្រាប់កាមេរ៉ាថតវិញ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 50-Megapixel (ultra-wide) ខណៈដែលគ្រាប់ទីបីមានទំហំ 200-Megapixel (periscope telephoto)។ ស្មាតហ្វូននេះអាចនឹងមានទំហំ 24GB+512GB និង 24GB+1TB។ ទាក់ទងនឹងព្រឹត្តិការណ៌នេះ ក្រុមហ៊ុន Honor ក៏មានការប្រកាសចេញនូវផលិតផលថ្មីៗមួយចំនួនទៀតផងដែរ។
