
នៅខែតុលាខាងមុខនេះ ទីផ្សារស្មាតហ្វូនថ្នាក់ប្រណិតនឹងមានការប្រកួតប្រជែងគ្នាខ្លាំងជាក់ជាមិនខាន ពីព្រោះថា ក្រុមហ៊ុនជាច្រើនបានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួនគ្រប់ៗគ្នា។ បើតាមការទម្លាយកន្លងមក បាននិយាយថា ស្មាតហ្វូន Vivo X200 series នឹងមានការប្រកាសចេញជាមួយបន្ទះឈីប Dimensity 9400 ហើយអាចនឹងបង្ហាញវត្តមាននៅពាក់កណ្តាលខែតុលាខាងមុខនេះ។ រីឯស្មាតហ្វូន Xiaomi 15 series និង OnePlus 13 នឹងបង្ហាញខ្លួនជាមួយនិងបន្ទះឈីប Snapdragon 8 Gen 4។ សម្រាប់ក្រុមហ៊ុន Honor ក៏នឹងមានការបង្ហាញចេញនូវម៉ូដែលថ្មីដូចគ្នា។
យោងតាមការទម្លាយពី Digital Chat Station (DCS) បានអោយដឹងថា ស្មាតហ្វូន Honor Magic 7 series នឹងមានវត្តមាននៅលើទីផ្សារខែតុលាខាងមុខនេះហើយ។ ស្មាតហ្វូននេះក៏នឹងមានការប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 4 ដូចគ្នាជាមួយនិង Xiaomi 15 series អញ្ចឹង។ ដូច្នេះស្មាតហ្វូននេះនឹងកា្លយជាគូរប្រជែងខ្លាំងជាងគេ។ Magic 7 series មានចំនួន 2 ម៉ូដែល គឺម៉ូដែលស្តង់ដារ និងម៉ូដែល Pro។

ស្មាតហ្វូនទាំងពីរនេះ គឺនឹងប្រើប្រាស់ឈីបដូចគ្នា។ Magic 7 និង Magic 7 Pro នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP Omnivixion OV50H និងមានគ្រាប់ទីពីរមានទំហំ 50-Megapixel periscope telephoto camera គាំទ្រដោយសិនស័រ Sony IMX882 និងមួយគ្រាប់ចុងក្រោយទំហំ 50 Megapixels ឬ 200 megapixels (Samsung HP3)។

ស្មាតហ្វូនទាំងពីរនេះ នឹងមានអេក្រង់ OLED displays ខណៈដែលម៉ូដែល Pro គាំទ្រការបង្ហាញ 2K display និងម៉ូដែលស្តង់ដារនឹងមានកម្រិត 1.5K។ កន្លងមកមានសេចក្តីរាយការណ៌ថា Magic 7 Pro នឹងមានប្រព័ន្ធផ្កាយរណប Satellite connectivity support។ ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់បច្ចេកវិទ្យាការពារទឹកនឹងធូលី កម្រិត IP68/69 រួមនិងប្រព័ន្ធស្កែនម្រាមដៃ ultrasonic fingerprint ហើយនិង 2D face recognition ក៏ដូចជា Honor’s enhanced eye protection 3.0 ផងដែរ។
