
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ក្រុមហ៊ុន Honor ទើបតែទម្លាយព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មី Magic 8 Pro ហើយឆាប់ៗនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានវត្តមាននៅលើទីផ្សារហើយ។ នៅពេលនេះ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងប្រជែងជាមួយនឹងស្មាតហ្វូនប្រណិតជាច្រើនទៀតនៅលើទីផ្សារ ដោយផ្អែកទៅលើផ្នែកកាមេរ៉ា បន្ទះឈីប និងលក្ខណៈពិសេសជាច្រើនទៀត។
លោក Luo Wei ដែលជាប្រធានផ្នែក Imaging Engineer របស់ក្រុមហ៊ុន Honor ថ្មីៗនេះ ទើបតែចែករំលែកនូវការបង្ហោះមួយនៅលើបណ្តាញសង្គម Weibo បាននិយាយថា ស្មាតហ្វូន Magic 8 Pro នេះ បានត្រៀមខ្លួនរួចរាល់ក្នុងការប្រជែងជាមួយនឹងស្មាតហ្វូនប្រណិតជាច្រើនទៀតនៅលើទីផ្សារ។ ស្មាតហ្វូន Magic 8 Pro អាចនឹងបង្ហាញខ្លួននៅក្នុងខែនេះជាមួយនឹងរូបរាងទាក់ភ្នែកក្នុងការប្រើប្រាស់។

លោក Lui បានបញ្ជាក់ទៀតថា លោកអ្នកអាចយកស្មាតហ្វូនណាមួយមកកាន់ហាងរបស់យើង ដើម្បីធៀបជាមួយនឹងស្មាតហ្វូន Honor Magic 8 Pro បាន។” វាពិតជាគួរអោយចាប់អារម្មណ៍មែនទែនដែលស្មាតហ្វូន Honor Magic 8 Pro នេះអាចប្រជែងជាមួយនឹងស្មាតហ្វូនប្រណិតជាច្រើនទៀតនៅលើទីផ្សារនោះ។ អ្នកលេងនៅលើអ៊ីនធឺណិតមួយចំនួនសួរថា តើស្មាតហ្វូន Honor Magic 8 Pro ពិតជាល្អជាងស្មាតហ្វូន Xiaomi 15 Ultra ទេ? លោក Lui ឆ្លើយតបថា កុំយកពងមាន់ជល់នឹងថ្ម សូមជ្រើសរើសយកម៉ូដែលចុងក្រោយទៅ! បន្ថែមពីនេះ លោកក៏បានចែករំលែកនូវរូបភាពដែលថតចេញពីកាមេរ៉ាស្មាតហ្វូននេះផងដែរ៕
