
Honor បានត្រៀមខ្លួននៅក្នុងការប្រកាសចេញជាផ្លូវការណ៌ស្មាតហ្វូនស៊េរីថ្មី Magic 8 series របស់ខ្លួន នាពេលដ៏ខ្លីខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេទម្លាយថា អាចនឹងមានពណ៌ដ៏ស្រស់ស្អាតជាច្រើនទៀទផង។ សម្រាប់ម៉ូដែលថ្មីនេះ ក្រុមហ៊ុន Honor នឹងមិនត្រឹមតែផ្លាស់ប្តូរទៅលើផ្នែកខាងក្នុងនោះទេ សូម្បីផ្នែកខាងក្រៅរបស់ស្មាតហ្វូននេះ ក៏មានភាពទាក់ទាញបំផុតផងដែរ។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ DigitalChatStation បានអោយដឹងថា ស្មាតហ្វូន Honor Magic 8 series នេះនឹងមាន 4 ពណ៌ដ៏ស្រស់ស្អាតគឺ ខ្មៅ ស ខៀវ និងមាសទីតាញ៉ូម (Titanium Gold)។ សម្រាប់ពណ៌បន្ថែមថ្មីនោះគឺ ខៀវ និងទីតាញ៉ូម។ គួរបញ្ជាក់ថា បន្ទាប់ពីពណ៌ទីតាញ៉ូមនេះមានការពេញនិយមនៅលើទីផ្សារស្មាតហ្វូននោះ ក្រុមហ៊ុននេះ បានចាប់ផ្តើមចាប់អារម្មណ៍ក្នុងការប្រើប្រាស់នូវពណ៌ថ្មីនេះនៅលើស្មាតហ្វូនរបស់ខ្លួន។ សូមជំរាបថា ស្មាតហ្វូន Magic 7 series មានចំនួន 5 ពណ៌សម្រាប់ប្រភេទ Standard និង 4 ពណ៌សម្រាប់ប្រភេទ Pro ។ ទន្ទឹមនឹងនេះផងដែរនោះ ស្មាតហ្វូន RSR Porsche Design នេះក៏មានពីរពណ៌យ៉ាងស្រស់ស្អាតផងដែរ។

សម្រាប់ស្មាតហ្វូន Honor Magic 8 series ដែលចេញនាពេលខាងមុខនេះ អាចនឹងមានតែ 4 ពណ៌ប៉ុណ្ណោះ។ ក្រៅពីពណ៌ទាំងនេះ ស្មាតហ្វូន Magic 8 series ក៏អាចនឹងប្រើប្រាស់នូវកាមេរ៉ា Periscope សិនស័រ Ultrasonic fingerprint sensor និង wireless charging ថែមទៀតផង។ សម្រាប់បច្ចេកវិទ្យា 3D Face Recognition ត្រូវបានគេព្យាករណ៌ថា អាចនឹងប្រើប្រាស់តែនៅលើស្មាតហ្វូន Magic 8 Ultra ប៉ុណ្ណោះ។

អ្នកទម្លាយដដែលនេះ បានបង្ហើបទៀតថា ស្មាតហ្វូនម៉ូដែល Pro អាចនឹងមានការឌីស្សាញ Single Punch-Hole នៅផ្នែកខាងមុខ ហើយអេក្រង់របស់វាអាចនឹងមានទំហំ 6.58-អ៊ីង។ ចំពោះវត្តមានរបស់ស្មាតហ្វូន Magic 8 Mini និង Ultra គឺអាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 នៅឆ្នាំក្រោយ។ ក្រុមហ៊ុន Honor អាចនឹងប្រកាសបង្ហាញស្មាតហ្វូន Magic 8 តែ 2 ម៉ូដែលប៉ុណ្ណោះនៅចុងខែកញ្ញា ឬដើមខែតុលាឆ្នាំ 2025 នេះ៕
