
នៅទីបំផុត ក្រុមហ៊ុន Honor ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Ultra ទៅលើស្មាតហ្វូនថ្នាក់ប្រណិត Magic 8 Series របស់ខ្លួន បន្ទាប់ពីមានពាក្យចចាមអារ៉ាម និងការបែកធ្លាយជាច្រើនអំពីស្មាតហ្វូននេះ បានកើតឡើងអស់រយៈពេលជាច្រើនខែមកហើយនោះ។ យោងតាមអ្នកទម្លាយ @DigitalChatStation បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Ultra នេះនឹងបង្ហាញខ្លួននៅឆ្នាំនេះហើយ។
តាមរយៈនៃការបញ្ជាក់ចុងក្រោយនេះ បានអោយដឹងថា ក្រុមហ៊ុន Honor គឺនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា AiMage ថ្មីនៅលើស្មាតហ្វូន Magic 8 Ultra នេះ។ ដូច្នេះ សម្រាប់វត្តមានស្មាតហ្វូនថ្មីនេះ គឺនឹងមានការពង្រឹងទៅលើសមត្ថភាពកាន់តែប្រសើរទៅលើបច្ចេកវិទ្យាថតរូបភាពទៅលើកាមេរ៉ាគោលក៏ដូចជាកាមេរ៉ា Periscope។
ជាមួយគ្នានេះក៏មានការទម្លាយថា ស្មាតហ្វូន Honor Magic 8 Ultra នេះ ក៏នឹងដំណើរការនូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite ជំនាន់ទី 2 ទៀតផង។ ពាក្យចចាមអារ៉ាមមុននេះ និយាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងការបំពាក់នូវកាមេរ៉ាគោល 200MP periscope OmniVision LOFIC។

ទាក់ទងនឹងព័ត៌មានថ្មីនេះ លោក Luo Wei ដែលជាប្រធានផ្នែករូបភាពរបស់ក្រុមហ៊ុន Honor បាននិយាយថា ក្រុមហ៊ុនត្រៀមបង្កើនូវសមត្ថភាពនៃការថតរូបភាពកាន់តែអស្ចារ្យសម្រាប់ស្មាតហ្វូន Magic 8 Ultra នេះ។ អ្វីដែលខកចិត្តនោះ គឺលោកនៅមិនទាន់បានទម្លាយនូវមុខងារណាមួយរបស់ស្មាតហ្វូន Magic 8 Ultra នោះទេ៕
