
បើតាមការគ្រោងទុកនោះ បន្ទះឈីប Snapdragon 8 Elite Gen 5 គឺបានត្រៀមខ្លួនធ្វើតេស្តនៅលើស្មាតហ្វូនប្រណិតជាច្រើននៅក្នុងពេលឆាប់ៗខាងមុខនេះ។ យោងតាមការបែកធ្លាយថ្មីនៅពេលនេះ គឺមានការបង្ហើបពីពិន្ទុ Benchmark ខ្លះរបស់ស្មាតហ្វូនជាច្រើនរបស់ចិនបណ្តើរៗហើយ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនដំបូងគេនៅលើទីផ្សារដែលបំពាក់នូវបន្ទះឈីប 3nm ថ្មីនៅលើស្មាតហ្វូនគ្រប់ម៉ូដែល Xiaomi 17 Series ខណៈដែលក្រុមហ៊ុន Honor ក៏បានត្រៀមខ្លួនក្នុងការប្រើប្រាស់នូវបន្ទះឈីបថ្មីនេះទៅលើស្មាតហ្វូន Magic 8 ស៊េរីថ្មីរបស់ខ្លួនផងដែរ។
លោក Li Kun ដែលជាអ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Honor បានបង្ហោះសារនៅលើ Weibo តាមរយៈរូបភាពថ្មីមួយដែលមានការបង្ហាញពិន្ទុនៅលើការតេស្ត AnTuTu V11 ទៅលើស្មាតហ្វូនជនាន់ថ្មី Magic 8 ដែលមានចំនួនរហូតដល់ទៅ 4,166,339។ ពិន្ទុនេះ ត្រូវបានគេមើលឃើញថា គឺខ្ពស់ជាងស្មាតហ្វូន Xiaomi 17 Pro ដែលមានពិន្ទុត្រឹមតែ 3,749,435 ប៉ុណ្ណោះ។ បើមើលទៅលើការប្រៀបធៀបខាងលើនេះ បានបង្ហាញទៀតថា ស្មាតហ្វូន Honor ថ្មីនេះ គឺមានការនាំមុខ CPU (1,213,845 vs. 1,053,385), GPU (1,468,351 vs. 1,332,311), memory (570,553 vs. 529,807) និង UX (913,590 vs. 833,932) ។ មើលទៅខ្ពស់ជាងដល់ទៅ 11% ។

ប៉ុន្តែបើមើលទៅលើផ្នែកផ្សេងៗ ស្មាតហ្វូនទាំងពីរនេះ ក៏មានលក្ខណៈពិសេសរៀងៗខ្លួនផងដែរ។ ស្មាតហ្វូន Xiaomi 17 Pro នេះបំពាក់នូវកាមេរ៉ា Leica និងនៅលើខ្នងខាងក្រោយមានការបំពាក់នូវអេក្រង់ទំហំ 2.7-អ៊ីង ទៀតផង។ សម្រាប់ស្មាតហ្វូន Honor បំពាក់នូវកាមេរ៉ាទំហំ 200MP Telephoto នៅលើស្មាតហ្វូន Magic 8 Pro ប៉ុណ្ណោះ។ ស្មាតហ្វូន Magic 8 series នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែតុលាខាងមុខនេះហើយ៕
