
ក្រុមហ៊ុន Honor បានប្រកាសផ្លូវការណ៍ថា ខ្លួននឹងធ្វើការប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួនសម្រាប់ទីផ្សារសកលនៅថ្ងៃទី 05 ក្នុងខែកញ្ញា ខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ HONOR IFA 2024 ដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉ែកឡាំងប្រទេសអាល្លឺម៉ង់នាវេលាម៉ោង 2:00 p.m ម៉ោងក្នុងតំបន់។
សម្រាប់ផលិតផលថ្មីចុងក្រោយដែល Honor ត្រៀមដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍សកលថ្ងៃនោះ រួមមានដូចជា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីដែលមានកម្រាស់ស្តើងជាគេក្នុងលោក Honor Magic V3, ថេបប្លែង Honor MagicPad 2 និងកុំព្យូទ័រយួរដៃ Honor MagicBook Art 14។ ជាងនេះទៅទៀត Honor ក៏នឹងមានការបង្ហាញចេញនូវប្រព័ន្ធបច្ចេកវិទ្យាញាណសប្បនិមិ្មតដែលជាការអភិវឌ្ឍចុងក្រោយ “Latest Innovation AI” របស់ខ្លួនមួយចំនួនថែមទៀតផង។

Honor Magic V3
ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីដែលមានស្ទីលបត់បែប book-style foldable របស់ Honor នេះ បានក្លាយជាស្មាតហ្វូនអេក្រង់បត់ដែលមានកម្រាស់ស្តើងជាងគេបំផុតក្នុងលោកជាមួយកម្រាស់ត្រឹមតែ 9.2mm ប៉ុណ្ណោះនៅពេលបត់ ធៀបនឹង Samsung Galaxy Fold 6 ដែលមានកម្រាស់ដល់ 12.1mm នៅពេលបត់ដូចគ្នា។ ក្រៅតែពីមានកម្រាស់ស្តើងជាងគេ Magic V3 ក៏មានប្រព័ន្ធបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IPX8 ដែលអាចចុះក្នុងទឹកបានជម្រៅដល់ 2.5 ម៉ែត្រឯណោះ។

Honor Magic V3 មានស៊ុមជុំវិញរឹងមាំដែលផលិតឡើងពីលោហៈធាតុប្រភេទ 7-series aluminum alloy frame ជាមួយការបំពាក់អេក្រង់បត់ខាងក្នុងទំហំ 7.92-inch និងអេក្រង់ខាងក្រៅទំហំ 6.43-inch ជាប្រភេទអេក្រង់ LTPO-OLED ល្បឿន 120Hz refresh rate ដូចគ្នា។ Magic V3 ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 ភ្ជាប់ដោយរ៉េមទំហំធំបំផុតដល់ 16GB និងម៉េមូរីទំហំ 1TB។ ហើយស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះមានថ្មទំហំធំដល់ 5,150mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 66W Wired Fast Charging។

Honor MagicPad 2
Tablet ជំនាន់ថ្មីចេញពី Honor មួយត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីខែមុនក្នុងប្រទេសចិន។ MagicPad 2 បំពាក់នូវបច្ចេកវិទ្យា OLED ទំហំ 12.3-inch ដែលគាំទ្រកម្រិតបង្កាញចេញ 3000 x 1920px ជាមួយកម្រិតពន្លឺខ្ពស់ដល់ 1,600nits peak brightness និងមានល្បឿន refresh rate ខ្ពស់ដល់ 144Hz។ Honor MagicPad 2 ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 SoC គាំទ្រនូវបច្ចេកវិទ្យា AI ដែលមានមុខងារដូចជា AI Voiceprint noise reduction, AI voice-to-tech និង AI meeting minute ជាដើម។

Honor MagicBook Art 14
Laptop ស៊េរីថ្មីនេះ ក៏ត្រូវបាន Honor ធ្វើការប្រកាសចេញផ្លូវការណ៍នៅទីផ្សារប្រទេសចិនកាលពីអំឡុងខែកក្តដាកន្លងទៅនេះផងដែរ។ តួរខ្លួនរបស់ Honor MagicBook Art 14 ត្រូវបានស្រោបដោយសារធាតុលោហៈប្រភេទ aerospace-grade materials ធ្វើឲ្យ Laptop ស៊េរីថ្មីនេះមានភាពធន់រឹងមាំ និងមានទំងន់ស្រាល។ MagicBook Art 14 មានទំងន់ត្រឹមតែ 1.03 គីឡូក្រាម និងកម្រាស់ត្រឹម 1 សង់ទីម៉ែត្រប៉ុណ្ណោះ។ Honor MagicBook Art 14 បំពាក់នូវបច្ចេកវិទ្យាអេក្រង់គុណភាពខ្ពស់ប្រភេទ OLED Panel មានកម្រិតបង្ហាញខ្ពស់ដល់ 3.1K គាំទ្រល្បឿន refresh rate 120Hz។
Laptop ស៊េរីថ្មីនេះមានថ្មទំហំ 66Whr ដែលមានលទ្ធភាពកាន់ថាមពលប្រើការងារទូទៅបានដល់ 9.5 ម៉ោង នៅពេលសាកភ្លើងមួយពេញម្តង។ ទោះបីជាមានកម្រាស់ស្តើងក៏ពិតមែន ប៉ុន្តែនៅលើ MagicBook Art 14 មានភ្ជាប់មកជាមួយរន្ធតំណរភ្ជាប់សំខាន់ៗដូចជា Thunderbolt 4, full-function USB-C, USB-A 3.2, HDMI2.1 និង 3.5mm Headphone jack ជាដើម។ យ៉ាងណាមិញសម្រាប់តម្លៃផលិតផលថ្មីទាំងបីខាងលើសម្រាប់ទីផ្សារសកល Honor មិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
