ស្វែងរកពួកយើង:

Honor Magic V3 បំពាក់នូវថាមពលថ្មដង់ស៊ីតេខ្ពស់ជាងមុនកម្រិតខ្ពស់ 10% ហើយនិងមានកម្រ៉ាស់កាន់តែស្តើង

ដោយ

Koun Jab Luffy

07 កក្កដា 2024 11:55 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 គឺនឹងមានការបង្ហាញខ្លួននៅថ្ងៃទី 12 ខែកក្កដាខាងមុខនេះហើយ។ នៅថ្ងៃនេះ មុនការប្រកាសនៅក្នុងព្រឹត្តិការណ៍សម្ពោធខាងមុខនេះ ក្រុមហ៊ុននេះ បានរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិន ដោយមានការចែករំលែកនូវលទ្ធផលនៃការស្រាវជ្រាវ និងការបង្កើតចុងក្រោយជាច្រើនរបស់ខ្លួនទៅលើទម្រង់ថ្មីដែលកាន់តែស្តើង និងងាយស្រួលក្នុងការបត់បានស្រាលយ៉ាងទាក់ទាញ។
នៅក្នុងសន្និសីទនោះ ក្រុមហ៊ុន Honor បានប្រកាសជាផ្លូវការថា ខ្លួនបានអភិវឌ្ឍទៅលើថាមពលថ្ម 10% silicon ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ ហើយថែមទាំងនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 នាពេលខាងមុខនេះថែមទៀតផង។ សូមជំរាបថា ក្រុមហ៊ុននេះ ក៏ទើបតែទម្លាយនូវថាមពលថ្ម  silicon anode ជំនាន់ទី 3 ដែលមានច្រើនជាង 10% silicon ជាលើកដំបូងនៅក្នុងឧស្សាហកម្មនេះផងដែរ។
Article image
តាមការបញ្ជាក់របស់ក្រុមហ៊ុន Honor បានអោយដឹងថា ដង់ស៊ីតេថាមពលរបស់ថ្មនេះគឺ 5.74% ខ្ពស់ជាងជំនាន់មុន។ សម្រាប់ដង់ស៊ីតេថាមពលនេះ គឹជាការវាស់ទៅលើចំនួនថាមពលដែលថ្មនេះអាចរក្សាទុកបាន។ ថាមពលថ្មនេះ គឺមានកម្រិតស្តើងជាងមុន 4.4% ។ ក្រុមហ៊ុន Honor ក៏បានបង្កើតនូវបន្ទះឈិប e Honor E1 ក្នុងការគ្រប់គ្រងទៅលើថាមពលថ្មថែមទៀតផង។ បន្ទះឈីបនេះ អាចបង្កើននូវប្រសិទ្ធិភាពនៃថាមពលថ្មកាន់តែប្រសើរជាងមុន។
កាលពីពេលមុននេះ ការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើន ធ្លាប់បាននិយាយថា ស្មាតហ្វូនបត់បាន Honor Magic V3 នេះ ក៏មានតួខ្លួន plain leather ផងដែរ។ សម្រាប់កាមេរ៉ារបស់ស្មាតហ្វូននេះក៏មានការកែប្រែផងដែរ។ ស្មាតហ្វូននេះមានកម្រាស់ស្តើងជាងស្មាតហ្វូន Honor Magic V2 ដេលបង្ហាញខ្លួនកាលពីខែកក្កដាឆ្នាំមុននេះ។ស្មាតហ្វូន  Magic V2 នេះមានកម្រាស់ 9.9mm នៅពេលដែលបិទ និងកម្រាស់ 4.7mm នៅពេលបើក។
Article image
ស្មាតហ្វូនអេក្រង់បត់បានជំនាន់មុននេះ គឺមានកាមេរ៉ាទំហំ 50MP, 20MP 2.5x telephoto និង 50MP ultrawide ជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 2។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5000mAh និងបច្ចេកវិទ្យាសាកថ្មលឿន  66W fast charging។ ចំពោះស្មាតហ្វូនបត់បាន Honor Magic V3 ថ្មីនេះវិញ ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប  Snapdragon 8 Gen 3 និងថាមពលថ្មដូចមុនគឺ 5000mAh៕