
ក្រុមហ៊ុន HONOR ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនរួចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីម៉ូដែល Magic V3 សម្រាប់ទីផ្សារសកលហើយ។ សូមជំរាបថា ស្មាតហ្វូននេះធ្លាប់បានប្រកាសចេញនៅលើទីផ្សារចិនរួចហើយ។ ជាមួយនិងការបង្ហាញខ្លួននៅលើ Geekbench មុនការសម្ពោធនៅលើទីផ្សារសកលនៅពេលខាងមុខនេះ គឺមានការបញ្ជាក់ពីព័ត៌មានសំឋខាន់ៗមួយចំនួនផងដែរ។
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី HONOR Magic V3 នេះ មានលេខម៉ូដែល FCP-N49 នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 SoC ដែលជាឈីប octa-core ល្បឿន 3.30GHz។ ស្មាតហ្វូននេះមានរ៉េមទំហំ 12GB និងមានការគាំទ្រដោយក្រាហ្វិកកាត Adreno 750 GPU។ ស្មាតបហ្វូន HONOR Magic V3 នឹងរត់នៅលើស្បែកមុខកម្មវិធី Magic OS 8.0 ផ្អែកនៅលើ Android 14។

ជាមួយនិងការធ្វើតេស្តនៅលើបញ្ជីនេះ បង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ទទួលបាននូវពិន្ទុ 1914 ទៅលើការតេស្ត Single-Core និងពិន្ទុ 5354 ទៅលើការតេស្ត Multi-Core។ បន្ថែមពីនេះស្មាតហ្វូននេះក៏បានឆ្លងកាត់ការចុះបញ្ជីនៅលើ IMDA និង TDRA រួចហើយផងដែរ។ ផ្អែកតាមការលើកឡើងនេះ ស្មាតហ្វូនអេក្រង់បត់បាន HONOR Magic V3 នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសសឹង្ហបុរី និងអារ៉ាប់ប៊ីសាអូឌីតផងដែរ។ ក្រុមហ៊ុន Honor ក៏មានការគម្រោងនៅក្នុងការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បានថ្មីនេះនៅលើទីផ្សារអឺរ៉ុបដូចគ្នា។
គួរបញ្ជាក់ថា Honor Magic V3 ដែលមានវត្តមាននៅលើទីផ្សារចិន គឺមានអេក្រង់ខាងក្រៅទំហំ 6.43-អ៊ីង គែមកោង មានសមត្ថភាពបង្ហាញចេញបានកម្រិត FHD+ resolution ខណដែលអេក្រង់ខាងក្នុង គឺមានទំហំ 7.92-អ៊ីង បង្ហាញចេញបានទំហំ 2,344x2,156 pixels។ អេក្រង់ទាំងពីរនេះរត់បានល្បឿន 120Hz LTPO refresh rate, Dolby Vision, HDR Vivid និងមានការគាំទ្រនូវការប៊ិក Stylus ផងដែរ។ បន្ទះអេក្រង់នេះ មានកម្រិតពន្លឺ 5,000nits និងមានការទ្រទ្រង់នូវបច្ចេកវិទ្យាស្កែនម្រាមដៃនៅលើប៊ូតុង Power ហើយនិងមានស៊ុមជុំវិញដែលឌីស្សាញចេញពីអាលុយមីនីញ៉ូម 7-Series ទៀតផង។ ស្មាតហ្វូននេះមានការពារដោយបច្ចេកវិទ្យា IPX8 អាចនៅក្នុងទឹកបាន 2.5 ម៉ែត្រថែមទៀតផង។

និយាយពីកាមេរ៉ាវិញ Honor Magic V3 មានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 40MP ultra-wide lens ខណៈដែលទីបីមានទំហំ 50MP Periscope telephoto lens មានមុខងារហ៊្សូមបាន 100x digital zoom និងមានមុខងារ OIS។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 20MP ទាំងនៅលើអេក្រង់ខាងក្រៅ និងនៅលើអេ្រង់ខាងក្នុង។ ស្មាតហ្វូននេះមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 រ៉េម 16GB និងអង្គចងចាំ 1TB ហើយនិងមានប្រព័ន្ធទប់ការឡើងកំដៅផងដែរ។ ថាមពលថ្មទំហំ 5,150mAh គាំទ្រនូវកម្លាំងសាក 66W wired និង 50W wireless charging។
