
ក្រុមហ៊ុន Honor បានពង្រីកទីផ្សារស្រឡាយកុំព្យូទ័រយួរដៃរបស់ខ្លួនចូលទៅក្នុងទីផ្សារសកលលោកជាមួយការនាំយកកុំព្យូទ័រដៃស៊េរីថ្មីម៉ូដែល Honor MagicBook Art 14 របស់ខ្លួនទៅដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ផលិតផលបច្ចេកវិទ្យាប្រចាំឆ្នាំ IFA2024 នៅទីក្រុងប៊ែកឡាំងក្នុងប្រទេសអាឡឺម្ម៉ង។
Laptop ស៊េរីថ្មីនេះ ត្រូវបាន Honor ធ្វើការប្រកាសចេញនៅក្នុងប្រទេសចិនកាលពីដើមឆ្នាំ 2024។ MagicBook Art 14 ត្រូវបានក្រុមហ៊ុនរចនាឡើងយ៉ាងពិសេសដោយមានការរួមបញ្ចូលនៅសមត្ថភាពប្រើការខ្លាំងក្លា និងគំនិតច្នៃប្រឌិតថ្មីទៅលើការរចនា។ ជាពិសេស MagicBook Art 14 ត្រូវបានណែនាំបង្ហាញជាផលិតផលគាំទ្របច្ចេកវិទ្យា AI ទំនើបជាមួយនឹងទំងន់ស្រាលបំផុត។
Honor MagicBook Art 14 គឺជា Laptop ដំបូងគេក្នុងលោកដែលបំពាក់នូវបច្ចេកវិទ្យាអេក្រង់គុណភាពខ្ពស់បំផុត គឺ OLED Touch Display ទំហំ 14.6-inch គាំទ្រកម្រិតបង្ហាញខ្ពស់់ដល់ 3K លើខ្នាត 3:2 aspect ratio ជាមួយទំហំ resolution 3,120x2080px នៅលើផ្ទៃអេក្រង់សរុប 97% screen-to-body ratio និងល្បឿន refresh rate 120Hz។

បច្ចេកវិទ្យាអេក្រង់របស់ MagicBook Art 14 គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា 4320Hz PWM Dimming កម្រិតខ្ពស់, មុខងារ HDR និងកម្រិតពន្លឺខ្ពស់ដល់ 700nits ជាមួយប្រព័ន្ធការពារភ្នែក និងកាត់បន្ថយកម្រិតភាព flicker បានយ៉ាងល្អប្រសើរ។ បន្ថែមពីនេះ MagicBook Art 14 ក៏គាំទ្រមុខងារ E-book mode និង Dynamic Dimming ដើម្បីផ្តល់នូវផាសុខភាព និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់។
សម្រាប់ផ្នែកម៉ាស៊ីនវិញ Honor MagicBook Art 14 មានជម្រើសពីរកំលាំងផ្សេងគ្នា គឺ Intel-core Ultra 5-125H និង Intel-core Ultra 7-155H ដែលភ្ជាប់មកអង្គក្រាហ្វិច Intel Arc GPU ដែលល្អបំផុតសម្រាប់ការប្រើប្រាស់បានទាំងការងារ Creative Professional និងការប្រើប្រាស់ទូទៅជាមួយអនុភាពនៃល្បឿនដំណើរការកម្រិតខ្ពស់។

Laptop ស៊េរីថ្មីនេះ មានជម្រើសរ៉េម On-board ទំហំ 32GB LPDDR5X និងអង្គផ្ទុកទិន្នន័យទំហំ 1TB SSD។ សម្រាប់ទំហំថ្មវិញ គឺ 60Wh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Honor Super Charge ដែលផ្តល់នូវការសាកភ្លើងចូលបានលឿនរហ័សដែលសាកពី 0 ទៅ 40% ចំនាយពេលប្រមាណ 30 នាទី និងសាកដល់ពេញ 100% ប្រើពេលប្រមាណ 95 នាទី។
Honor MagicBook Art 14 មានទំងន់ស្រាល និងកម្រាស់ស្តើងបំផុត គឺត្រឹម 1kg និង 10mm តែប៉ុណ្ណោះ។ ដោយតួរខ្លួនរបស់ Laptop ស៊េរីថ្មីនេះត្រូវបានស្រោបដោយលោហៈប្រភេទ Aluminum Alloy ជាមួយក្តារចុចជាប្រភេទ titanium keyboard។ MagicBook Art 14 គាំទ្រការដំឡើងជាមួយប្រតិបត្តិការ Microsoft Windows 11 Home។ ទោះបីជាមានកម្រាស់ស្តើងស្លីមក៏ពិតមែន ប៉ុន្តែ Honor បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាកាត់បន្ថយកំដៅ ultra-thin cooling module ជាមួយ VC Design ក្នុងការកាត់បន្ថយការគ្រប់គ្រងប្រព័ន្ធដំណើរការខាងក្នុង និងគ្មានសំឡេងរំខាន។

ជាមួយគ្នានេះវាក៏មានរន្ធប្រភេទ Thunderbolt 4, USB-C, USB-A, HDMI2.1, Bluetooth 5.3, Wi-Fi 6 និង NFC ជាដើម។ ចំនែកតម្លៃរបស់ Honor MagicBook Art 14 មិនទាន់ត្រូវបានក្រុមហ៊ុនទម្លាយចេញនៅឡើយទេសម្រាប់ទីផ្សារសកល។ Laptop ស៊េរីថ្មីមួយនេះមានជម្រើសពណ៌បៃតង Emerald Green, ប្រផេះ Starry Grey និងស White៕
