
ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែប្រកាសជាផ្លូវការនូវកាលបរិច្ឆេទនៃការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Honor Power ហើយតាមព័ត៌មានលម្អិតដែលចែករំលែកនៅលើ Weibo របស់ក្រុមហ៊ុន Honor ហើយនិងការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅថ្ងៃទី 15 ខែមេសានេះ នៅវេលាម៉ោង 7:30pm។ ស្មាតហ្វូននេះ បានក្លាយជាការផ្លាស់ប្តូរដ៏ធំរបស់ក្រុមហ៊ុន Honor នៅក្នុងផែនទីបង្ហាញផ្លូវនៃយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុននេះ។
ស្មាតហ្វូនស៊េរីថ្មី Honor Power នឹងទទួលរហ័សនាមហៅថាជាស្មាតហ្វូន “light-outdoor” ដែលមានភាពរឹងមាំ និងធន់ក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 7,800mAh ដែលធំជាងគេនៅក្នុងប្រវត្តិសាស្រ្តនៃស្មាតហ្វូននៅក្នុងឆ្នាំនេះហើយវាត្រូវបានឌីស្សាញយ៉ាងពិសេសសម្រាប់ការប្រើប្រាស់ជាលក្ខណៈ outdoor ។ ស្មាតហ្វូននេះមានអេក្រង់ធំជាមួយនឹងការបំពាក់នូវ dual punch-hole ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Honor បានចាប់ផ្តើមទម្លាយព័ត៌មានរបស់ស្មាតហ្វូន Power series ចាប់តាំងពីដើមខែនេះមកម្លេះ ដោយនៅក្នុងនោះ ក្រុមហ៊ុននេះបានអះអាងថា ថាមពលថ្មរបស់ស្មាតហ្វូននេះ នឹងកាន់តែយូរហើយវាក៏អាចសាកទៅកាន់ស្មាតហ្វូនផ្សេងទៀតបានផងដែរ។ ស្មាតហ្វូននេះអាចនឹងមានបច្ចេកវិទ្យាសាកថ្មលឿន 80W Fast Charging។ ការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ គឺជាផ្លាស់ប្តូរដ៏ធំដំបូងបំផុតចាប់តាំងពីលោក George Zhao នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានប្រកាសអំពីការផ្លាស់ប្តូរក្រុមហ៊ុនអោយក្លាយជាក្រុមហ៊ុនប្រព័ន្ធអេកូឡូស៊ីជាមួយនឹង AI នោះ។

វត្តមានរបស់ស្មាតហ្វូន Power series នេះ គឺបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះ សម្រាប់ការប្រើប្រាស់នៅក្នុងបរិយាកាសខាងក្រៅដែលមានការផ្តោតទៅលើការទំនាក់ទំនង ភាពធន់រឹងមាំក្នុងការប្រើប្រាស់ និងបច្ចេកវិទ្យា AI ជាច្រើនទៀត។ ស្មាតហ្វូន Honor Power នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនមុនគេ ប៉ុន្តែយើងមិនទាន់ច្បាស់ពេលណាថាស្មាតហ្វូននេះនឹងបង្ហាញខ្លួនទៅកាន់ទីផ្សារសកលនោះទេ៕
