
Honor ទើបតែបានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីម៉ូដែល X9c ដែលជាជំនាន់ថ្មីបន្ទាប់ពី X9b ដែលប្រកាសចេញកាលពីខែតុលាកន្លងទៅ។ Honor X9c គឺជាស្មាតហ្វូនកម្រិតថវិកាដែលបំពាក់នៅបន្ទះឈីប Snapdragon 6 Gen 1 ខ្នាត 4nm និងមានថ្មទំហំធំដល់ 6,600mAh ដែលធំជាងជំនាន់ X9b ប្រមាណ 800mAh។ ស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីនេះ គឺមានភាពធន់ខ្លាំងបំផុតទៅនឹងការធ្លាក់ និងការកូសឆ្កូត។
Honor X9c មានជម្រើសរ៉េមទំហំ 8GB និង 12GB ជាមួយម៉េមូរីផ្ទុកទិន្នន័យធំបំផុតដល់ 512GB។ ស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីនេះ គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 66W Wired Charging ហើយសមត្ថភាពថ្មរបស់ Honor X9c គឺអាចកាន់សម្រាប់ការទស្សនាវីដេអូលើអនឡាញបានចំនួន 26 ម៉ោងនៅពេលសាកភ្លើងពេញម្តង។ Honor X9c មានអេក្រង់ទំហំ 6.78-inch ជាអេក្រង់គែមកោង Curved-OLED Display គាំទ្រកម្រិតបង្ហាញ 1224x2700px និងមានជម្រៅទឹកពណ៌ 10-bit និងកម្រិតពន្លឺខ្ពស់ដល់ 4,000nits រួមនឹងមុខងារ 3,840Hz PWM dimming។

Honor X9c មានកាមេរ៉ាក្រោយពីរគ្រាប់ដែលមានសែនស័រមេទំហំ 108MP ខ្នាត 1/1.67-inch ជាមួយកម្រិត Aperture f/1.75 និងមុខងារទប់លំនឹង Optical Image Stabilization (OIS)។ សែនស័រនេះ ប្រើប្រាស់នូវមុខងារ 9-to-1 ratio ដើម្បីជួយបង្កើនកម្រិតពន្លឺនៅទីតាំងប្លង់ខ្សោយពន្លឺ និងមានសមត្ថភាពអាចពង្រីកប្លង់ថតបានកម្រិត 3x lossless zoom ដោយប្រើនូវបច្ចេកវិទ្យា in-sensor technology។ ចំនែកកាមេរ៉ាមួយគ្រាប់ផ្សេងទៀតមានទំហំ 5MP ជា Ultra-wide មាន aperture f/2.2 និងកាមេរ៉ាមុខទំហំ 16MP ដែលមានសមត្ថភាពផលិតសាច់វីដេអូកម្រិត 1080px។
ស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីនេះ ដំណើរការដោយប្រតិបត្តិការ MagicOS8.0 នៅលើ Android 14 ដែលត្រូវបានក្រុមហ៊ុនធ្វើការកែប្រែនៅលើមុខងារ Magic Capsule និង Magic Portal កាន់តែឆ្លាតវៃ និងទំនើបក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ សម្រាប់ការតភ្ជាប់វិញ Honor X9c បានដំឡើងមកជាមួយ Wi-Fi5, Bluetooth v5.1, NFC, GPS ដោយដំណើរការជាមួយGalileo, GLONASS, និង BeiDou។ ជាងនេះទៅទៀត X9c ក៏មានប្រព័ន្ធ Speaker សំឡេងស្តេរ៉េអូជាមួយកម្រិតសំឡេងខ្ពស់ដល់ 300%។

បច្ចុប្បន្ននេះ Honor X9c មានលក់នៅទីផ្សារម៉ាឡេស៊ីជាមួយតម្លៃខ្ទង់ $345 សម្រាប់ម៉ូដែលមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ខណៈនៅប្រទេសសិង្ហបុរីមានតម្លៃប្រហែល $340៕
