
សម្រាប់ឆ្នាំ 2024 នេះអាចនឹងក្លាយជាឆ្នាំដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុន Honor ទៅលើទីផ្សារស្មាតហ្វូនបត់បានរបស់សហភាពអ៊ឺរ៉ុប នេះគឺដោយសារតែវត្តមាននៃស្មាតហ្វូនបត់បានដែលប្រកបដោយភាពច្នៃប្រឌិតន។ ក្រុមហ៊ុនផលិតស្មាតហ្វុនរបស់ចិននេះ គឺពិតជាបានបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការបញ្ចប់នូវការគ្រប់គ្រងទីផ្សារផ្តាច់មុខទៅលើស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Samsung ទៅលើការនាំចេញស្មាតហ្វូនបត់បានជាសកល។
យោងតាមក្រុមហ៊ុន Counterpoint ដែលបានចែករំលែកនូវទិដ្ឋភាពនៃទីផ្សារស្មាតហ្វូនបត់បាននៅអ៊ឺរ៉ុបសម្រាប់ឆ្នាំ 2024 កន្លងទៅបានអោយដឹងថា ក្រុមហ៊ុន Samsung និង Honor គឺជាក្រុមហ៊ុនកំពូលនៅលើទីផ្សារនេះ។ ម៉ាកយីហោស្មាតហ្វូនទាំងពីរនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារតែរូបរាងទម្រង់ Book-style ដ៏ទាក់ទាញបំផុត។ ក្រុមហ៊ុន Samsung ក្លាយជាក្រុមហ៊ុននាំមុខគេទៅលើទីផ្សារស្មាតហ្វូននៅក្នុងអ៊ឺរ៉ុបតាំងពីឆ្នាំ 2022 មកម្លេះ ដោយមានចំណែកទីផ្សារនៃការលក់ដល់ទៅ 98% ដោយសារតែភាពពេញនិយមនៃស្មាតហ្វូនបត់បានទម្រង់ Book-style នេះ។ ប៉ុន្តែវត្តមានរបស់ស្មាតហ្វូន Honor បានធ្វើអោយក្រុមហ៊ុននេះធ្លាក់ចុះមកនៅត្រឹម 73% ។

ក្រុមហ៊ុន Honor ទទួលបានការពេញនិយមទៅលើស្មាតហ្វូនបត់បាននេះនៅក្នុងទីផ្សាររបស់សហភាពអ៊ឺរ៉ុបជាមួយនឹងវត្តមានស្មាតហ្វូន Magic Vs នេះ។ នៅក្នុងពេលនេះ ក្រុមហ៊ុនជាច្រើនដូចជា Google, OnePlus និង Tecno ក៏បោះជំហានទៅក្នុងទីផ្សារស្មាតហ្វូននេះផងដែរ ហើយវាអាចនឹងកាត់បន្ថយការលក់ផ្តាច់មុខរបស់ក្រុមហ៊ុន Samsung នៅក្នុងទីផ្សារនៃប្រទេសនេះ។
នៅក្នុងឆ្នាំ 2024 នេះ សហភាពអ៊ឺរ៉ុប មើលឃើញនូវការប្រកួតប្រជែងខ្លាំងទៅលើទីផ្សារស្មាតហ្វូនបត់បានដែលក្រុមហ៊ុន Honor ហាក់ដូចជាអ្នកឈ្នះផងដែរ។ ដោយសារតែវត្តមាននៃស្មាតហ្វូន Magic V3 ដែលមានកម្រាស់ស្តើងបំផុត និងធន់បំផុត ហើយវាក៏មានការបង្កើនទៅលើសមត្ថភាពនៃកាមេរ៉ា និងថាមពលថ្មរបស់វា។ ក្រុមហ៊ុន Honor មើលឃើញមានកំនើន 377% ទៅលើការលក់ស្មាតហ្វូនបត់បាននេះនៅក្នុងអ៊ឺរ៉ុប ហើយក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ 2 ផងដែរ។

ក្រុមហ៊ុន Samsung ក៏មានកំណើន 10% ផងដែរ។ ខណៈពេលដែលក្រុមហ៊ុន Samsung នៅតែខំប្រឹងប្រែងទៅលើទីផ្សារសម្រាប់ស្មាតហ្វូន Galaxy Z Fold 7 នេះនៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបនោះ ក្រុមហ៊ុន Honor ក៏មានផែនការយុទ្ធសាស្រ្តក្នុងការប្រជែងទៅនឹងក្រុមហ៊ុននេះតាមរយៈវត្តមានរបស់ស្មាតហ្វូន Magic V5 នៅថ្ងៃទី 28 ខែសីហាខាងមុខនេះផងដែរ៕
