
ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែទម្លាយព័ត៌មានជាផ្លូវការអំពីស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនមួយទៀតហើយ ដែលស្មាតហ្វូនថ្មីនេះនឹងមានឈ្មោះហៅថា Win Series។ គួរបញ្ជាក់ថា បន្ទាប់ពីពាក្យចចាមអារ៉ាមបែកធ្លាយជាច្រើនខែមកនេះ ក្រុមហ៊ុន Honor ពេលនេះ បានបញ្ជាក់អំពីឈ្មោះផ្លូវការរបស់ស្មាតហ្វូនថ្មីនេះនៅលើបណ្តាញសង្គម Weibo ហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុន Honor ថែមទាំងប្រកាសថា ក្រុមហ៊ុន នឹងរៀបចំនូវព្រឹត្តិការណ៍មួយអំពីស្មាតហ្វូន e-Sports នៅថ្ងៃទី 16 ខែធ្នូនេះទៀតផង។
នៅក្នុងពាក្យស្លោកនៃព្រឹត្តិការណ៍នេះគឺ “Exceptional Strength, Born to Win.”។ ផ្អែកតាមរូបភាពថ្មីមួយបង្ហោះនៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន Honor ក៏មានការបង្ហាញនូវអេក្រង់ដែលមានពាក្យថា “WIN” ផងដែរ។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Honor Win series នឹងជំនួសស្មាតហ្វូនត្រកូល Honor GT ដែលបង្ហាញខ្លួនកាលពីឆ្នាំ 2024 កន្លងមង។ ស្មាតហ្វូនជំនាន់ថ្មី ដែលគេដឹងថា គឺជាស្មាតហ្វូន Honor GT 2 អាចនឹងផ្លាស់ប្តូរទៅកាន់ឈ្មោះ Win វិញ។

យោងតាមពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមាន 2 ម៉ូដែលគឺ Honor Win និង Honor Win Pro។ ស្មាតហ្វូនថ្មីនេះ នឹងមានម៉ូឌុលកាមេរ៉ាមានរូបរាងចតុកោណកែងគាំទ្រជាមួយសិនស័រកាមេរ៉ា 3 គ្រាប់។ ស្មាតហ្វូន Honor Win នឹងមានច្រើនពណ៌សម្រាប់ជ្រើសរើសដូចជាពណ៌ត្នោត ខ្មៅ ស និងខៀវស្រាល។ សម្រាប់ស្មាតហ្វូន Honor Win Pro វិញក៏បំពាក់នូវប្រព័ន្ធត្រជាក់ Cooling នៅក្បែរកាមេរ៉ា lens ផងដែរ។

ទៅលើកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូនជំនាន់ថ្មី Honor Win នេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ខណៈពេលដែលស្មាតហ្វូន Win Pro នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។ ស្មាតហ្វូនទាំងពីរនេះនឹងប្រើប្រាស់នូវអេក្រង់កម្រិត 1.5K OLED display,កាមេរ៉ាគោលទំហំ 50MP និងមានថាមពលថ្មទំហំ 8,500mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W fast charging ថែមទៀតផង៕

