
បន្ទាប់ពីក្រុមហ៊ុន Apple ប្រកាសធ្វើការវិនិយោគទឹកប្រាក់ចំនួន 1 ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ីរួចមក នៅពេលនេះ ក្រុមហ៊ុន Honor ក៏បានបង្ហាញពីការចាប់អារម្មណ៌ និងស្វែងរកនូវមធ្យោបាយថ្មីៗ ដើម្បីទាញយកនូវផលប្រយោជន៌ពីទីផ្សារដ៏ធំមួយនេះផងដែរ។ សូមជំរាបថា ប្រទេសឥណ្ឌូនេស៊ី គឺជាទីផ្សារដ៏ធំមួយនៅតំបន់អាស៊ាន ដែលមាមប្រជាជនច្រើនជាងគេ ហើយនិងមានការរីកចំរើនខ្លាំងថែមទៀតផង។
តាមរបាយការណ៌ខាងលើនេះបានបញ្ជាក់ថា ក្រុមហ៊ុន Honor នឹងមានការបើកសម្ពោធនូវហាងទំនើប Honor Experience Stores ចំនួន 10 នៅទូទាំងប្រទេស ហើយនិងមានការដាក់លក់ផលិតផលថ្មីៗរបស់ខ្លួនប្រហែលជាង 30 មុខ ដែលមានដូចជា ស្មាតហ្វូនជំនាន់ថ្មីៗ កុំព្យូទ័រថ្មីៗ រួមជាមួយនិងនាឡិកាឆ្លាតវៃថ្មីៗជាច្រើនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានចាប់ផ្តើមធ្វើការងារជាមួយនិងហាងលក់រាយ ហើយនិងហាងលក់អនឡាញរបស់ខ្លួននៅក្នុងប្រទេសនេះហើយ។ បើតាមប្រភពខាងលើនេះ បន្តថា ផលិតផលថ្មីៗទាំងនេះ នឹងមានការដឹកជញ្ជូននៅត្រីមាស 1 ឆ្នាំ 2025 ខាងមុខនេះ។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Honor បានអោយដឹងថា នៅពេលនេះ ក្រុមហ៊ុន Honor បានក្លាយជាម៉ាកយីហោដែលមានភាពល្បីល្បាញបំផុតនៅលើទីផ្សារមួយចំនួនដូចជា Malaysia, Singapore និង Philippines ជាដើម តាមរយៈនៃការដាក់លក់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន។ ដូច្នេះជាមួយនិងការវិនិយោគនៅលើទីផ្សារឥណ្ឌូនេស៊ីនៅពេលនេះ ត្រូវបានលោកអគ្គនាយក Honor ប្រចាំនៅតំបន់អាស៊ីប៉ាហ្វិក បង្ហាញនូវការជឿជាក់ថា នឹងអាចជោគជ័យដូចគ្នា។
