
គិតមកដល់ពេលនេះ ស្មាតហ្វូនជំនាន់ថ្មី Huawei P70 series ត្រូវបានគេមើលឃើញថា ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់អ្នកប្រើប្រាស់ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ចាប់ផ្តើមបង្កើននូវចំនួនស្តុកសម្រាប់ផ្គត់ផ្គង់ទៅលើស្មាតហ្វូនម៉ូដែលនេះដូចគ្នា។ យោងតាមស្ថាប័ន CSI Taurus បាននិយាយថា ក្រុមហ៊ុន Huawei គឺចាប់ផ្តើមក្នុងការបង្កើនទៅលើស្តុកសម្រាប់ផ្គត់ផ្គង់ទៅលើស្មាតហ្វូន Huawei P70 series នេះ ហើយក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រេចបាននូវគោលដៅនៃការនាំចេញស្មាតហ្វូនថ្មីនេះផងដែរ។
ម្យ៉ាងវិញទៀត ក្រុមហ៊ុន China Merchants Securities ក៏បានចែករំលែកនូវរបាយការណ៍មួយ ដោយបាននិយាយថា ស្មាតហ្វូន Huawei P70 Series គឺបានចូលទៅក្នុងដំណាក់កាលនៃការត្រៀមស្តុករួចរាល់ហើយ។ ស្មាតហ្វូន P-series ជំនាន់ថ្មីនេះអាចនឹងបង្ហាញខ្លួននៅក្នុងខែមេសានេះ ខណៈពេលដែលក្រុមហ៊ុន Huawei នឹងទទួលបាននូវការកម្មង់យ៉ាងច្រើនសម្រាប់ឆមាសទី 1 នៃឆ្នាំនេះ។
ក្រុមហ៊ុន Minsheng Securities ក៏បាននិយាយទៀតថា ក្រុមហ៊ុនយក្សរបស់ចិននេះ នឹងមានពង្រឹងទៅលើស្តុករបស់ខ្លួនអោយមានភាពរឹងមាំនៅក្នុងឆ្នាំនេះ ដោយផ្តោតទៅលើការបញ្ជាទិញ និងការផ្គត់ផ្គង់អោយបានទាន់ពេលវេលា។ ស្មាតហ្វូនថ្មីនេះនឹងមានការពង្រឹងច្រើនទៅលើកាមេរ៉ា កម្លាំងម៉ាស៊ីន និងលក្ខណៈសម្បត្តិជាច្រើនទៀត។ អ្នកលេងនៅលើ Weibo ក៏បាននិយាយថា ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនរួចរាល់ផងដែរក្នុងការប្រកាសស្មាតហ្វូន P70 series នេះ ទៅកាន់ពិភពលោកដូចគ្នា។
សម្រាប់ស្មាតហ្វូន Huawei P70 Series នេះ ត្រូវបានប្រភពជាច្រើនបញ្ជាក់ថា នឹងមានភាពខ្លាំងក្លាច្រើនដងជាងស្មាតហ្វូនជំនាន់មុននេះ។ ស្មាតហ្វូនថ្មីនេះ បំពាក់នូវដំណោះស្រាយថ្មីទៅលើកាមេរ៉ារបស់វា និងបទពិសោធន៍កាន់តែអស្ចារ្យក្នុងការថតរូបភាពថែមទៀតផង។ ក្រៅពីនេះ ប្រភពបែកធ្លាយជាច្រើនបញ្ជាក់ថា ស្មាតហ្វូន P70 នេះ នឹងមានមុខងារ AI និងការ upgrade ទៅលើប្រព័ន្ធ satellite របស់វាថែមទៀតផង៕
