ស្វែងរកពួកយើង:

Huawei ឈានដល់កិច្ចព្រមព្រៀងអាជ្ញាបណ្ណប៉ាតង់ថ្មីជាមួយក្រុមហ៊ុន Amazon និង vivo

ដោយ

Koun Jab Luffy

07 មីនា 2024 03:44 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei Technologies របស់ចិន និងក្រុមហ៊ុន Amazon បានឈានដល់កិច្ចព្រមព្រៀងអាជ្ញាបណ្ណប៉ាតង់ថ្មី។ តាមពិតទៅកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក គឺមានការពន្យារពេលជាច្រើនឆ្នាំមកហើយ ដោយសារតែជម្លោះវិវាទនៃប៉ាតង់ WiFi របស់ក្រុមហ៊ុន Huawei និងបច្ចេកវិទ្យាសម្រាប់វីដេអូ (Video Playback) រួមនិងបញ្ហាជាច្រើនទៀត។ នៅថ្ងៃនេះ បើទោះបីជា Huawei ឈានដល់កិច្ចព្រមព្រៀងអាជ្ញាបណ្ណប៉ាតង់ជាមួយនឹងក្រុមហ៊ុន Amazon និង Vivo  ក៏ដោយ សម្រាប់ហេតុផលជាក់លាក់នៃកិច្ចព្រមព្រៀងថ្មីនេះ នៅមិនទាន់បានបង្ហាញដោយក្រុមហ៊ុនទាំងនេះនៅឡើយទេ។
លោក Alan Fan ដែលជាប្រធានផ្នែកកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Huawei និយាយថា “ក្រុមហ៊ុនជាច្រើនរបស់ចិន និងអាមេរិក រួមជាមួយនឹងក្រុមហ៊ុនជាច្រើនទៀត ក៏បានសហការគ្នាដោយគ្នានកំណត់ទៅលើស្តង់ដារ និងអាជ្ញាបណ្ណប៉ាតង់។” ក្រុមហ៊ុន Huawei បានប្រឈមមុខទៅនឹងការរឹតបណ្តឹង និងការហាមឃាត់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយសារតែការព្រួយបារម្ភទៅលើសុវត្ថិភាពទិន្នន័យ និងវិធានការជាច្រើនទៀតក្នុងការការពារក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក មិនអោយផ្គត់ផ្គង់នូវសមាសភាគសំខាន់ៗទៅកាន់ក្រុមហ៊ុន Huawei នោះទេ។ ការរឹតបន្តឹងនេះ ក៏បានជះនូវឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ផងដែរ។
យ៉ាងណាមិញ ក្រុមហ៊ុន Huawei នៅតែបន្តក្នុងការរក្សាបាននូវទីផ្សាររបស់ខ្លួននៅក្នុងប្រទេសចិន។ ជាក់ស្តែងវត្តមានរបស់ស្មាតហ្វូន Mate 60 series បានក្លាយជាក្តីសង្ឃឹមថ្មីរបស់ក្រុមហ៊ុននេះ ដោយសារតែមានការទ្រទ្រង់នូវបច្ចេកវិទ្យា 5G ហើយសម្រាប់់់ឆ្នាំនេះ នឹងមានម៉ូឌែលថ្មីៗជាច្រើនទៀតបង្ហាញខ្លួននៅក្នុងឆ្នាំនេះ។ ថ្មីៗនេះ ក្រុមហ៊ុនHuawei ក៏បានបញ្ចេញនូវស្មាតហ្វូន Nova 12 series ដែលមានបច្ចេកវិទ្យា 5G និងកុំព្យូទ័រថ្មីដែលមានបន្ទះឈីបផលិតដោយខ្លួនឯងផងដែរ។
Article image
នៅក្នុងកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Amazon នេះ ក្រុមហ៊ុន Huawei បានចុះកិច្ចព្រមព្រៀងឆ្លងប៉ាតង់ជាមួយនឹងក្រុមហ៊ុន vivo ដែលផ្តោតទៅលើស្តង់ដារ Cellular ដែលក្នុងនោះក៏មានបច្ចេកវិទ្យា 5G ផងដែរ។ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023 នេះ ក្រុមហ៊ុន vivo មានប៉ាតង់ច្រើនជាង 70 ប្រទេសសរុបប្រហែលជា 25000។ ក្រុមហ៊ុន Huawei ក៏អាចនឹងសហការនូវអាជ្ញាបណ្ណស្រដៀងគ្នានេះ ជាមួយនឹងក្រុមហ៊ុន Xiaomi និង Oppo ផងដែរក្នុងពេលខាងមុខនេះ៕
Huawei ឈានដល់កិច្ចព្រមព្រៀងអាជ្ញាបណ្ណប៉ាតង់ថ្មីជាមួយក្រុមហ៊ុន Amazon និង vivo