ស្វែងរកពួកយើង:

Huawei ត្រៀមបង្ហាញស្មាតហ្វូនបត់ 3 តង់ជំនាន់ទី 2 ស្របពេល Samsung នៅមិនទាន់ច្បាស់នោះទេ

ដោយ

Koun Jab Luffy

01 កញ្ញា 2025 05:15 ល្ងាច

អាន 2 នាទី

Article image
នៅពេលនេះ Huawei Mate XTs Ultimate Design បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការបង្ហាញខ្លួនជាផ្លូវការណ៌ ជាស្មាតហ្វូនបត់បាន 3 តង់ជំនាន់ទី 2 របស់ពិភពលោក ខណៈក្រុមហ៊ុន Samsung ក៏កំពុងតែមមាញឹកនៅក្នុងការត្រៀមខ្លួន បង្ហាញស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ខ្លួនដូចគ្នា។ បើមើលទៅលើពេលវេលានេះ ការប្រកួតប្រជែងនេះហាក់ដូចជាស្ថិតនៅក្នុងស្ថានភាពមួយដែលដាច់គម្លាតគ្នាខ្លាំង។
សូមជំរាបថា ស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួនកាលពីខែកញ្ញាឆ្នាំ 2024 ដែលបានធ្វើអោយ Huawei ក្លាយជាក្រុមហ៊ុនតែមួយគត់ដែលបង្ហាញនូវនិន្នាការថ្មីនេះ ទៅលើទីផ្សារស្មាតហ្វូន ដែលធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់។ បន្ទាប់ពីវត្តមានស្មាតហ្វូន  Mate XT ក្រុមហ៊ុនជាច្រើន ក៏បានចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូនបត់បាន 3 តង់ផងដែរ ដែលក្នុងនោះរួមមានដូចជាក្រុមហ៊ុន Samsung, Honor, Xiaomi, OPPO ជាដើម។
Article image
ខណៈពេលដែលក្រុមហ៊ុនជាច្រើនទៀតនៅមិនទាន់បញ្ចេញស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួននោះ ក្រុមហ៊ុន Samsung ក៏ចាប់ផ្តើមក្នុងការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Huawei Mate XT ជាមួយនឹងស្មាតហ្វូនបត់បានរបស់ខ្លួនទម្រង់ G-Style ។ ស្មាតហ្វូននេះ មានទម្រង់ G-type tri-fold – Flex-G ដែលមានត្រចៀកបត់ចូលក្នុងចំនួន 2 និងមានអេក្រង់ចំនួន 3 មានភាពរឹងមាំក្នុងការប្រើប្រាស់។ សម្រាប់ស្មាតហ្វូនបត់បាន 3 តង់មួយទៀត ដែលក្រុមហ៊ុន Samsung លឺថាកំពុងតែអភិវឌ្ឍនោះគឺស្មាតហ្វូន Flex S ដែលមានទម្រង់ Z ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mate XT ។ ស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Samsung នេះ ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំនេះហើយ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន Samsung បានគ្រប់គ្រងទៅលើទីផ្សារស្មាតហ្វូនបត់បានរបស់ខ្លួនជា មួយនឹងការប្រកាសចេញនូវមុខងារឆ្លាតវៃជាច្រើនមានសមត្ថភាពកាន់តែអស្ចារ្យ ជាពិសេស គឺទៅលើកម្មវិធី Software ដែលមាននៅលើស្មាតហ្វូននេះ។
Article image
ប៉ុន្តែបន្ទាប់ពីក្រុមហ៊ុន Huawei អាចចូលទៅកាន់ទីផ្សារស្មាតហ្វូនបាននៅក្នុងឆ្នាំ 2024 ជាមួយនឹងបន្ទះឈីប Kirin 5G និងបានបញ្ចេញនូវស្មាតហ្វូនបត់បាន 2 តង់ និង 3 តង់របស់ខ្លួនដែលជួយអោយក្រុមហ៊ុននេះគ្រប់គ្រងបានទីផ្សារត្រឡប់មកវិញ។ នៅពេលនេះ Huawei ត្រូវគេមើលឃើញថា ហាក់ដូចជាមានសន្ទុះលឿនខ្លាំងក្នុងការប្រកួតប្រជែងទីផ្សារស្មាតហ្វូនបត់បាននេះខណៈពេលដែល Samsung នៅមិនទាន់បញ្ចេញស្មាតហ្វូនអេក្រង់បត់ 3 តង់ Galaxy Z tri-foldable របស់ខ្លួននៅឡើយទេ៕
Huawei ត្រៀមបង្ហាញស្មាតហ្វូនបត់ 3 តង់ជំនាន់ទី 2 ស្របពេល Samsung នៅមិនទាន់ច្បាស់នោះទេ