
នៅទីបំផុតរថយន្ត Sedan ប្រណិតលំដាប់អភិជនម៉ូដែល Stelato S9 ដែលជាសមត្ថផលសហការផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei និងក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះ BAIC បានបង្ហាញវត្តមានជាផ្លូវការណ៍ហើយ។ រថយន្ត Luxury Sedan មួយនេះ មានជម្រើសពីរម៉ូដែលដោយមានតម្លៃចាប់ពីខ្ទង់ $55,900 ដល់ $62,900។
Stelato S9 ផលិតឡើងដើម្បីធ្វើការប្រគូតប្រជែងទីផ្សារជាមួយរថយន្តម៉ាកប្រណិត Mercedes-Ben EQS។ រថយន្តប្រណិតផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំទាំងពីររបស់ចិនមួយនេះ ត្រូវបានប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ពី Huawei និងប្រព័ន្ធបច្ចេកវិទ្យាផលិតរថយន្តកម្រិតខ្ពស់ពី BAIC។

ស្លាកយីហោរថយន្ត Stelato ត្រូវបានបង្កើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុន Huawei និង BAIC ដោយបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ Huawei Harmony Intelligent Mobility Alliance (HIMA)។ ក្រុមហ៊ុន Huawei ទទួលរ៉ាប់រងក្នុងការផ្គត់ផ្គងប្រព័ន្ធប្រតិបត្តិការ (Software) និងសមាសភាគផលិតសំខាន់ៗ ខណៈ BAIC រ៉ាប់រងទៅលើទម្រង់ និងការផលិត។ Stelato S9 មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងពីរ ដែលមានកំលាំង 227kW និង 385kW។

ដោយម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ (Dual-motor) អាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km ប្រើពេលប្រមាណ 3.9 វិនាទី។ រថយន្ត Luxury Sedan មួយនេះប្រើប្រាស់កញ្ចប់អាគុយអគ្គិសនី 100kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 816km សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ (single-motor) និង 721km សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC។

Stelato S9 គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 800V Architecture ដែលសាកភ្លើងប្រមាណ 5 នាទី អាចកាន់បើកបរបានចម្ងាយ 200km។ Stelato S9 មានបណ្តោយប្រវែង 5,610mm/ ទទឹង 1,987mm/ កម្ពស់ 1,486mm និងមានគម្លាតចន្លោះកង់មុខក្រោយ 3,050mm។ រថយន្តប្រណិតមួយនេះប្រើប្រាស់ប្រព័ន្ធកាមេរ៉ាសម្រាប់មើលក្រោយជំនួសឲ្យកញ្ចក់ធម្មតា រួមនិងទ្វារមានការរចនាជា Frameless door ជាមួយដៃទ្វារលឹបចូលក្នុង Hidden door handle។ Stelato S9 មានជម្រើសប្រើយ៉ាន់កង់ទំហំ 20-inch និង 21-inch។

នៅផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់បង្ហាញពណ៌មាន Digital Instrument Panel ទំហំ 12.3-inch និងអេក្រង់កម្សាន្តទំហំ 15.6-inch។ បន្ថែមពីនេះនៅក្នុងរថយន្តប្រណិតនេះទ្រនាប់សាកភ្លើងឥតប្រើខ្សែដែលមានកំលាំង 50W, កន្លែងដាក់ Tablet និងដំឡើងមកជាមួយប្រព័ន្ធប្រតិបត្តិការ HarmonyOS ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតសម្រាប់ការបើកបរ។

សម្រាប់កៅអីដែលបំពាក់នូវលើរថយន្ត Luxury sedan ស៊េរីថ្មីនេះ គឺជាប្រភេទកៅអីស្បែកប្រណិត Nappa leather ដែលមានមុខងារខ្យល់ កម្តៅ និងម៉ាស្សាទៀតផង។ សម្រាប់អ្នកធ្វើដំណើរខាងក្រោយវិញ គឺមានបំពាក់នូវ Tablet របស់ Huawei ទំហំ 13.2-inch មួយគ្រឿង រួមនឹងអេក្រង់បង្ហាញ (Projector) ទំហំ 32-inch។ បន្ថែមពីនេះ នៅផ្នែកខាងមុខ និងខាងក្រោយមានបំពាក់នូវរន្ធសាកប្រភេទ USB-C និង Wireless Charging។

សម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិវិញ Stelato S9 បានបំពាក់នូវប្រព័ន្ធ Huawei ADS3.0 ដែលបានរួមបញ្ចូលនូវប្រព័ន្ធចាប់ហ្វាំងស្វ័យប្រវត្តិ collision avoidance និង adaptive braking។ ប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR កម្រិត 192-line ដែលអាចចាប់សញ្ញាបានដល់ 250m រួមនឹងប្រព័ន្ធបើបបរស្វ័យប្រវត្តិកម្រិតខ្ពស់ជាច្រើនផ្សេងទៀត។ ជាមួយការឌីស្សាញឡើងប្រណិត និងភ្ជាប់មកនូវបច្ចេកវិទ្យាកម្រិតខ្ពស់ដូចនេះ Stelato បានរំពឹងខ្ពស់ថា Stelato S9 នឹងអាចលក់បានចំនួនដល់ 120,000 គ្រឿងសម្រាប់ទីផ្សាររថយន្តប្រណិតកម្រិតអភិជន៕
