ស្វែងរកពួកយើង:

Huawei នឹងដាក់អោយដំនើរការ HarmonyOS Next នៅលើឧបករណ៍ទាំងអស់នៅក្នុងឆ្នាំ 2025

ដោយ

Koun Jab Luffy

03 ធ្នូ 2024 08:45 ព្រឹក

អាន 3 នាទី

Article image
HarmonyOS Next បានក្លាយជាប្រព័ន្ធប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន Huawei ដែលមានការចាប់អារម្មណ៌ខ្លាំងមែនទែនពីអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ហើយពេលបនេះ ប្រព័ន្ធប្រតិបត្តិការថ្មីនេះ គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមួយចំនួនរួចហើយ ក្នុងនោះមានដូចជា Mate 70, Mate X6 និង MatePad Pro ផងដែរ។ តាមប្រសាសន៌របស់លោក Richard Yu ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បានអោយដឹងថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយគ្រប់ផលិតផលរបស់ក្រុមហ៊ុន Huawei នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS Next នេះនៅក្នុងឆ្នាំ 2025 ខាងមុខ។
លោកបន្តថាស គោលដៅនេះ គឺសម្រាប់តែស្មាតហ្វូន និងថេប្លេត ដែលមានលក់តែនៅក្នុងទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះ។ សម្រាប់ ការអាប់ដេតនេះទៅកាន់ទីផ្សារសកល នឹងបន្តធ្វើនៅពេលបន្ទាប់។ ទាក់ទងជាមួយនិងរឿងនេះ តាមការចេញផ្សាយរបស់ South China Morning Post បានជជែកជាមួយនឹងក្រុមអ្នកវិភាគមួយចំនួន ហើយពួកគេយល់ស្របដូចគ្នាថា ឧបសគ្គចំបងដែលក្រុមហ៊ុន Huawei ប្រឈមមុខនោះ គឺទៅលើលទ្ធភាពនៃការប្រើប្រាស់ទៅលើ Apps។ លោក Rich Bishop នាយកប្រតិបត្តិរបស់ក្រុមហ៊ុន AppInChina បាននិយាយថា ការចូលរួមរបស់អ្នកអភិវឌ្ឍកម្មវិធីក្នុងការបង្កើត Apps ជាច្រើននៅក្នុងទីផ្សាររបស់ប្រទេសចិនគឺពិតជាពិបាកដោយសារតែពួកគេរកបានចំណូលតិច។
នាយកប្រតិបត្តិរូបនេះ បាននិយាយថា ប្រសិនបើអ្នកប្រើប្រាស់ណាម្នាក់មិនអាចប្រើប្រាស់នូវ App ណាមួយបាននោះ ពួកគេអាចនឹងទិញនូវឧបករណ៍ថ្មីប្រើប្រាស់ ប៉ុន្តែវានៅតែពិបាកប្រសិនបើកម្មវិធីនោះមិនអាចប្រើប្រាស់នៅបរទេសបាន។ លោក Richard Yu បានបន្តថា អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសក្នុងការប្រើប្រាស់ នូវ HarmonyOS 4.3 ឬ HarmonyOS Next បាននៅលើស្មាតហ្វូនរបស់ពួកគេ។ យើងបានឆែកទៅកាន់ហាង Huawei ជាច្រើន ហើយអតិថិជនពិតជាត្រូវការនូវជម្រើសណាមួយដែលពួកគេត្រូវការ។
របាយការណ៍ចេញពី South China Morning Post បានទម្លាយថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS គឺមានចំណែកទីផ្សារ ចំនួន 17% នៅក្នុងប្រទេសចិន នាំមុខ iOS ដែលមានចំនួន 16%។ យ៉ាងណាមិញសម្រាប់អ្នកប្រើប្រាស់ Android គឺមានច្រើនជាង 68% ដែលនេះគឺស្មើទៅនឹង 2/3 នៃទីផ្សារស្មាតហ្វូនពិភពលោក។ សម្របា់ OS របស់ក្រុមហ៊ុន Huawei គឺមានប្រហែលជា 4%ខណៈពេលដែល Android មានជាង80% និង iOS មានចំនួន 16% ។
Article image
គួរបញ្ជាក់ផងដែរថា កង្វះទៅលើការប្រើប្រាស់សេវាកម្ម Google Mobile Services ពិតជាប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុន Huawei ដែលកាលពីមុនក្រុមហ៊ុននេះ មានគោលដៅក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលលក់ដាច់បំផុតនៅក្នុងពិភពលោក ហើយខណៈពេលនេះ ក្រុមហ៊ុននេះក៏មិនទាន់ស្ថិតនៅក្នុងចំណាត់ថ្នាក់ Top 5 នៅឡើយទេ។ ប៉ុន្តែ ក្រុមហ៊ុននេះនៅតែតស៊ូព្យាយាមក្នុងការរក្សានូវជំហររបស់ខ្លួននៅលើទីផ្សារ ជាពិសេសថ្មីៗនេះក្រុមហ៊ុនទើបតែប្រកាសនូវស្មាតហ្វូន Pura 70 Series នៅលើទីផ្សារផងដែរ៕
Huawei នឹងដាក់អោយដំនើរការ HarmonyOS Next នៅលើឧបករណ៍ទាំងអស់នៅក្នុងឆ្នាំ 2025