
នៅថ្ងៃនេះ Huawei បានចេញនូវសេចក្តីប្រកាសថ្មីមួយស្តីពីការរៀបចំនូវព្រឹត្តិាការណ៌ថ្មីមួយលើទីផ្សារសកល ដើម្បីស្វាគមន៌ស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន។ តាមការបង្ហាញនៅលើសារនេះបានអោយដឹងថា ក្រុមហ៊ុននេះ នឹងមានការរៀបចំនូវកម្មវិធីនេះ នៅទីក្រុង Dubai នាថ្ងៃទី 12 ខែ 12 ខាងមុខនេះ ដើម្បីប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន រួមជាមួយនិងថេប្លេតថ្មីៗ ក៏ដូចជាផលិតផលថ្មីៗមួយចំនួនទៀតផងដែរ។
ការប្រកាសនេះ បានធ្វើឡើងតាមរយៈនៃការបង្ហោះរូបភាពមួយ ដោយក្រុមហ៊ុន Huawei បានបញ្ជាក់ពីពេលវេលា និងទីកន្លែងរួមនិងការសសេរថា ‘Huawei Flagship Product’ ទៀតផង។ ការប្រកាសនេះក៏មានការបញ្ចេញនូវរូបភាពគួរអោយចាប់អារម្មណ៌របស់ស្មាតហ្វូនអេក្រង់បត់បានផងដែរ ដែលស្មាតហ្វូននេះត្រូវគេជឿជាក់ថា គឺជា Mate X6។ គួរបបញ្ជាក់ថា បន្ទាប់ពីការប្រកាសចេញនៅលើទីផ្សារក្នុងស្រុករួចមក នៅពេលនេះ ក្រុមហ៊ុន Huawei គឺបានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនប្រណិតៗរបស់ខ្លួននៅលើទីផ្សារសកលនាសប្តាហ៌ក្រោយនេះហើយ។

ការបង្ហាញសាររបស់ Huawei Mobil នៅលើបណ្តាញ X នេះ គឺមិនការបញ្ជាក់ពីលក្ខណៈសម្បតិ្តនៃផលិតផលថ្មីៗនេះនោះទេ គ្រាន់តែនៅលើសារនេះ គឺមានរូបភាពមួយដែលស្រដៀងគ្នាទៅនឹងរូបភាពមួយរបស់ Mate Brand Ceremony ដែលបានរៀបចំនៅប្រទេសចិនកាលពីប៉ុន្មានថ្ងៃមុនេះប៉ុណ្ណោះ។ ជាមួយនិងការប្រកាសចេញនៅថ្ងៃទី 12 ខាងមុខនេះ មានការព្យាករណ៌ថា នឹងមានវត្តមានស្មាតហ្វូន Mate 70 និង Mate X6 នៅលើឆាករួមគ្នាផងដែរ។ សូមជំរាបថា Mate 70 series មាន 4 ម៉ូដែលរួមមានម៉ូដែលស្តង់ដារ, Pro, Pro+ និង RS Ultimate Design។

