
ការបង្ហាញខ្លួនជាផ្លូវការស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 series ថ្មីៗនេះ ត្រូវបានគេមើលឃើថា មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា កាមេរ៉ា Dual-Zoom ដែលបានធ្វើអោយស្មាតហ្វូនជំនាន់ថ្មីនេះ ទទួលបាននូវការចាប់អារម្មណ៌ខ្លាំងមែនទែនទៅលើការថតរូប។ នៅថ្ងៃតាមការទម្លាយថ្មីបានបង្ហើបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ មិនបានបញ្ឈប់បន្តស្រាវជ្រាវទៅលើបច្ចេកវិទ្យាកាមេរ៉ាថ្មីនេះសម្រាប់ស្មាតហ្វូននាពេលខាងមុខរបស់ខ្លួននោះទេ។ ប្រភពខាងលើនេះ និយាយថា ក្រុមហ៊ុននេះ បានចាប់ផ្តើមតេស្តទៅលើបច្ចេកវិទ្យាកាមេរ៉ាថ្មីនេះសម្រាប់ស្មាតហ្វូន Flagships របស់ខ្លួនថែមទៀតហើយ។
យោងតាមអ្នកទម្លាយ @DigitalChatStation បានបញ្ជាក់ថា ការប្រើប្រាស់នូវ Dual-Focal-Length Lenses ឬ 2x Telephoto Sensors នៅលើស្មាតហ្វូន គឺជាដំណោះស្រាយថ្មីមួយ ប៉ុន្តែបច្ចេកវិទ្យានេះ គឺបានស្ថិតនៅក្នុងការប្រើប្រាស់មិនទាន់ទូលំទូលាយនោះទេ។ ការប្រើប្រាស់នូវបច្ចេកវិទ្យា Dual-Periscope នេះ ក៏អាចនឹងត្រូវការទំហំធំទៅលើផ្ទៃរបស់ស្មាតហ្វូនផងដែរ។ បន្ថែមពីនេះ បច្ចេកវិទ្យានេះ ក៏អាចនឹងមានភាពស្មុគស្មាញផងដែរ ហេតុនេះ ហើយក្រុមហ៊ុន Huawei ប្រហែលជានឹងបោះបង់ចោលនូវបច្ចេកវិទ្យាកាមេរ៉ា Dual-telephoto នេះ សម្រាប់ស្មាតហ្វូន Flagship របស់ខ្លួនផងដែរ។

សូមជំរាបថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ បានបង្ហាញនូវសិនស័រថ្មីសម្រាប់ស្មាតហ្វូន Pura 80 Ultra នៅក្នុងឆ្នាំនេះផងដែរ ហើយនៅលើស្មាតហ្វូននេះ ក៏មានបំពាក់នូវបច្ចេកវិទ្យា Dual periscope lenses ជាពិសេសនោះ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវមុខងារ Switchable Mechanism ដើម្បីផ្តល់នូវសមត្ថភាពនៃការថតរូបភាព Zoom ដ៏ល្អឥតខ្ចោះផងដែរ។ បន្ទាប់ពីស្មាតហ្វូន Pura 80 Ultra គឺមានស្មាតហ្វូន Mate 80 RS Ultimate មួយទៀត ដែលនឹងប្រើប្រាស់នូវកាមេរ៉ា Dual-Periscope ផងដែរ។

អ្នកទម្លាយនេះ រូបនេះ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Huawei កំពុងតែតេស្តទៅលើបច្ចេកវិទ្យា Continuous Optical Zoom ថ្មីដែលនឹងដោះស្រាយទៅលើបញ្ហានៃ Optical Zoom Levels ដោយសារតែបច្ចេកវិទ្យាថ្មីនេះ គឺនឹងអនុញ្ញាតអោយកាមេរ៉ាអាចធ្វើការ Zoom បានយ៉ាងរលូនទៅកាន់ Focal Length ដែលបានកំណត់នោះ។ បច្ចេកវិទ្យាថ្មីនេះ នឹងមានការពង្រឹងទៅលើគុណភាពនៃការថតរូបភាពដោយមិនត្រូវការការទ្រទ្រង់ចេញពីកម្មវិធី Software ណាមួយនោះទេ។ តាមដំណឹងថ្មីៗនេះ និយាយថា ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ា Zoom ថ្មីនេះនៅលើស្មាតហ្វូន Mate 80 Series ឬ Pura 90 នាពេលខាងមុខនេះផងដែរ៕
