ស្វែងរកពួកយើង:

Huawei បង្ហាញចេញនូវព័ត៌មានបន្ទះឈីប Kirin ជំនាន់ថ្មី ដែលនឹងប្រើប្រាស់នៅលើ Mate 70 Series

ដោយ

Koun Jab Luffy

27 មករា 2024 10:37 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការងារជាច្រើននៅលើបន្ទះឈីប Kirin ជំនាន់ថ្មីសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ Flagship របស់ខ្លួនថែមទៀតហើយ។ ប្រភពខាងលើនេះ បញ្ជាក់ទៀតថា បន្ទះឈីបនេះ  អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិត Mate 70 Series របស់ខ្លួនផងដែរ។ ថ្មីៗនេះ យោងតាមអ្នកទម្លាយដែលមានឈ្មោះថា @SmartPikachu បាននិយាយដែរថា បន្ទះឈីប Huawei Kirin ជំនាន់ថ្មី រួមជាមួយនិងដំណោះស្រាយ 5.5G អាចនឹងដំនើរការជាផ្លូវការនៅក្នុងឆមាសទី 2 ឆ្នាំ 2024 ខាងមុខនេះហើយ។
ទាក់ទងនឹងព័ត៌មានខាងលើនេះ អ្នកទម្លាយរូបនេះ ក៏បានបន្តនិយាយ អំពីការបែកធ្លាយអំពីស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 series ផងដែរ។ សូមជំរាបថា កាលពីពេលមុននេះ ក្រុមហ៊ុន Huawei ត្រូវបានគេបញ្ជាក់ថា អាចនឹងបង្ហាញនូវស្មាតហ្វូន Mate 70 series ជាមួយនឹងបន្ទះឈីប Kirin ជំនាន់ថ្មីនៅចុងឆ្នាំនេះហើយ ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេ ដែលក្រុមហ៊ុននេះ អាចនឹងផ្តល់នូវបច្ចេកវិទ្យា 5.5G សម្រាប់ឧបករណ៍ជាច្រើនរបស់ខ្លួន ឬការប្រើប្រាស់នៅក្នុងពាណិជ្ជកម្មនោះនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃនេះ មានរបាយការណ៌ថ្មីមួយធ្លាប់បានបង្ហាញថា Huawei បាននឹងកំពុងតែអភិវឌ្ឍទៅលើបន្ទះ ឈីប Kirin ជំនាន់ថ្មីរបស់ខ្លួនយ៉ាងហោចណាស់ 7 ដោយក្នុងនោះមានបន្ទះឈីបចំនួន 2 គឺនឹងមានការប្រើប្រាស់សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Mate Series។ ដោយបន្ទះឈីបមួយ នឹងមានប្រើប្រាស់ផ្តាច់មុខនៅលើ Huawei Mate 70 Ultimate Design។
Article image
កាលពីពេលមុននេះ ក៏ធ្លាប់មានការទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន បានពិចារណា នៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា 5.5G នៅលើស្មាតហ្វូនរបស់ខ្លួនហើយ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់ចែករំលែកអំពីផែនការនេះនៅឡើយទេ។ ដូច្នេះ សម្រាប់ព័ត៌មានថ្មីៗរបស់ស្មាតហ្វូននេះ និងបច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ ក៏ដូចជាដំណោះស្រាយថ្មីនៃបច្ចេកវិទ្យា networking កម្រិតខ្ពស់ ដែលនឹងមាននៅលើស្មាតហ្វូន Mate 70 Pro គឺនឹងមានបង្ហាញជាបន្តបន្ទាប់ចាប់ពីដើមឆ្នាំ 2024 នេះហើយ៕