ស្វែងរកពួកយើង:

Huawei បង្ហាញចេញនូវស្មាតហ្វូន Mate 60 RS Ultimate Design នៅក្នុងព្រឹត្តិការណ៍ MWC 2024

ដោយ

Koun Jab Luffy

06 មីនា 2024 09:46 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ MWC 2024 នៅក្នុងទីក្រុងបាសេឡូណា កន្លងទៅនេះ ក្រុមហ៊ុន Huawei បានបង្ហាញចេញនូវស្មាតហ្វូនថ្មីម៉ូដែល Mate 60 RS Ultimate Design។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា បានបំពាក់នូវមុខងារពិសេសៗជាច្រើន កម្លាំងម៉ាស៊ីនខ្លាំងក្លា និងការឌីស្សាញទាក់ទាញភ្នែកបំផុត។ យោងតាមអ្នកបង្កើតមាតិកា ដែលមានឈ្មោះថា GSMDome បានបង្ហោះនៅលើបណ្តាញ YouTube ថ្មីៗនេះ ក៏បានធ្វើការ review ទៅលើស្មាតហ្វូន Huawei Mate 60 RS Ultimate Design ចេញពីព្រឹត្តិការណ៍ MWC 2024។
នៅក្នុងវីដេអូនេះ ក៏មានការបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនថ្មីនេះ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានឌីស្សាញរន្ធប្រហោង 3 គ្រាប់ ដែលមានការបំពាក់នូវសិនស័រកាមេរ៉ា 13MP ultra-wide angle សម្រាប់ Selfie និងបច្ចេកវិទ្យា 3D depth សម្រាប់ស្កេនមុខថែមទៀតផង។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនថ្មីនេះ ក៏មានការតម្លើងមកជាស្រេចនូវ EMUI 14 version ផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ផងដែរ។ ស្មាតហ្វូន Huawei Mate 60 RS Ultimate Design នេះ នៅមិនទាន់បញ្ជាក់អំពីពេលវេលាក្នុងការប្រកាសនៅក្នុងទីផ្សារសកលនៅឡើយទេ។
YouTuber រូបនេះ បានបន្ថែមថា ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតនេះ មានអេក្រង់ទំហំ 6.82-អ៊ីង គាំទ្រនូវបច្ចេកវិទ្យា LTPO និងមានការទ្រទ្រង់ជាមួយនូវកម្រិត refresh rate ដល់ទៅ 120Hz។ បន្ទះអេក្រង់ថ្មីនេះ ក៏មានប្រើប្រាស់នូវកញ្ចក់ Kunlun Glass ជំនាន់ទី 2 ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី ក៏មានការបំពាក់នូវបន្ទះឈីបប្រភេទ octa-core ម៉ូដែល Kirin 9000s នឹងមានរ៉េមទំហំ 16GB ហើយនិងម៉េមូរីទំហំ 1TB។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាគោលទំហំ 48MP (F1.4-F4.0 aperture, OIS) និង 40MP ultra-wide angle (F2.2 aperture) ហើយនិងគ្រាប់ទីបីមានទំហំ 48MP super macro telephoto lens (F3.0 aperture, OIS) ដែលថែមទាំងមានការទ្រទ្រង់នូវការហ៊្សូមបាន 3.5x optical zoom និងកម្រិត 100x digital zoom។
Article image
ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 60 RS Ultimate Design នេះ មានការបំពាក់នូវថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 88W wired និងកម្លាំងសាក 50W wireless charging។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការទ្រទ្រង់នូវ បច្ចេកវិទ្យាសាក 20W wireless reverse charging។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68 rating ហើយនិងកម្រិត 2.4GHz និង 5GHz WLAN access ព្រមទាំងប្រព័ន្ធផ្កាយរណប satellite ថែមទៀតផង។ ស្មាតហ្វូននេះ មានពណ៌ខ្មៅ និងក្រហមដែលមានតម្លៃ €1550 យូរ៉ូ៕
Huawei បង្ហាញចេញនូវស្មាតហ្វូន Mate 60 RS Ultimate Design នៅក្នុងព្រឹត្តិការណ៍ MWC 2024