
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Apple បានព្យាយាមក្នុងការដណ្តើមយកនូវចំណែកទីផ្សាររបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនប្រណិតនៅក្នុងប្រទេសចិន ប៉ុន្តែក្រុមហ៊ុន Huawei នៅតែបន្តក្លាយជាឧបសគ្គធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះដដែល។ នៅក្នុងស្ថានភាពថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បានចាប់ផ្តើមនូវយុទ្ធសាស្រ្តនៃការបញ្ចុះតម្លៃផងដែរ។ យោងតាម RDObservation ដែលបង្ហោះនៅលើ Weibo បានចែករំលែកអំពីទីផ្សារស្មាតហ្វូនប្រណិតនៅក្នុងប្រទេសចិនដែលក្រុមហ៊ុន Apple និង Huawei ក្លាយជាម៉ាកយីហោដែលឈានមុខគេ។
ក្រុមហ៊ុន Apple ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល ខណៈដែលក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខ 2 នៅក្នុងបញ្ជីនេះ។ ក្រុមហ៊ុនផលិតស្មាតហ្វូននេះ គឺមានចំណែកទីផ្សារចំនួន 66.26%។ ក្រុមហ៊ុន Huawei មានចំណែកទីផ្សារចំនួន 22.60% នៅក្នុងទីផ្សារស្មាតហ្វូនប្រណិតនៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ មានការផ្តោតទៅលើស្មាតហ្វូនថ្នាក់កណ្តាលជាមួយនឹងវត្តមានស្មាតហ្វូន Nova 14 Series ហើយវត្តមានស្មាតហ្វូន Pura 80 Ultra ក៏ស្ថិតនៅក្នុងប្រភេទស្មាតហ្វូនប្រណិតផងដែរ។

សម្រាប់ផលិតផលជាច្រើនទៀតដូចជា Huawei MateBook Fold PC និង Pura X ក៏ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារផងដែរ ដោយសារតែរូបរាងប្លែករបស់ផលិតផលថ្មីៗទាំងនេះ។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូន Mate 80 series ទៅលើទីផ្សារផងដែរ។ ក្រុមហ៊ុន Honor មានចំណែកទីផ្សារចំនួន 3.62% ខណៈដែលក្រុមហ៊ុន Vivo មានចំណែកទីផ្សារចំនួន 2.14% នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន។

ថ្មីៗនេះ ក្រុមហ៊ុន Apple ក៏ទើបតែបង្ហាញនូវស្មាតហ្វូន iPhone 17 Series នៅលើទីផ្សារនៅក្នុងប្រទេសចិន ដែលបានក្លាយជាទីចាប់អារម្មណ៍ខ្លាំងផងដែរ។ ក្រឡេកមកក្រុមហ៊ុន Honor និង Huawei ក៏បានត្រៀមប្រកួតប្រជែងទីផ្សារនេះតាមរយៈវត្តមាននៃស្មាតហ្វូនប្រណិតរបស់ខ្លួននោះគឺ Magic 8 series និង Mate 80 ៕
