
ដូចដែលយើងបានដឹងរួចហើយថា Huawei បានធ្វើឲ្យកក្រើកពិភពស្មាតហ្វូនជាថ្មីម្តងទៀតជាមួយការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បីតង់ដំបូងក្នុងពិភពលោក គឺ Mate XT។ ស្មាតហ្វូនអេក្រង់បត់បីតង់ដំបូងរបស់ពិភពលោកមួយនេះទទួលបានការចាប់អារម្មខ្លាំងមែនទែនចាប់តាំងពីការបែកធ្លាយព័ត៌មាន រហូតដល់ការប្រកាសចេញផ្លូវការណ៍កាលពីអំឡុងខែតុលា ឆ្នាំមុននេះ ដោយក្រុមហ៊ុនទទួលបានការកក់ទុកមុនរហូតដល់ទៅ 2 លានដើមឯណោះ។ ហើយថ្មីៗនេះ Huawei Mate XT Ultimate ក៏ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅលើទីផ្សារសកលជាមួយតម្លៃខ្ទង់ €3,500 ឬប្រហែល$3,652.95។
ងាកមកអេក្រង់បីបត់របស់ស្មាតហ្វូន Huawei Mate XT Ultimate គឺមានតម្លៃថ្លៃ ដូចនេះ ក្រុមហ៊ុនបានធ្វើការប្រកាសចេញផ្លូវការណ៍ថា ក្រុមហ៊ុនធានាប្តូរអេក្រង់ជូនថ្មីសម្រាប់រយះពេលនៃការប្រើប្រាស់មួយឆ្នាំដំបូង ប្រសិនបើមានបញ្ហាបច្ចេកទេសណាមួយសម្រាប់អេក្រង់បីបត់របស់ស្មាតហ្វូនមួយនេះ។
អេក្រង់បីបត់របស់ Huawei Mate XT Ultimate ជាប្រភេទអេក្រង់ bi-foldable LTPO OLED display ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាអេក្រង់ខ្នាតយក្សរបស់ចិន គឺ BOE។ អេក្រង់បីបត់នេះមានទំហំ 10-inch នៅពេលពន្លាយអស់ ខណៈពេលបត់មួយតង់ទៅក្រោយ នឹងទទួលបានអេក្រង់ទំហំ 7.9-inch និងពេលបត់ទាំងបីបត់ គឺទទួលបានអេក្រង់ទំហំ 6.4-inch ដូចអេក្រង់ស្មាតហ្វូនធម្មតាទូទៅដែរ។
Huawei Mate XT Ultimate មានកម្រាស់ស្តើងបំផុតត្រឹម 3.6mm ប៉ុណ្ណោះ នៅពេលពន្លាអេក្រង់អស់។ ស្មាតហ្វូនអេក្រង់បត់បី បត់ដំបូងរបស់ពិភពលោកមួយនេះប្រើប្រាស់បន្ទះឈីប Kirin 9010 ខ្នាត 7nm ភ្ជាប់ដោយរ៉េមទំហំ 16GB និងម៉េមូរីធំបំផុតដល់ 1TB ព្រមទាំងដំណើរការដោយ HarmonyOS 4.2។ Tri-foldable phone នេះមានកាមេរ៉ាខាងក្រោយទំហំ 50MP+12MP+12MP (Main+ultrawide+ periscope telephoto) និងមានកាមេរ៉ាសែលហ្វីមួយគ្រាប់ទំហំ 8MP។

ចំពោះថាមពលថ្មវិញ គឺជាប្រើប្រភេទ Si/C Li-Ion មានទំហំ 5,600mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 66W wired fast charging និង 50W wireless charging រួមទាំងមុខងារផ្ទេរថាមពលថ្មទៅកាន់ស្មាតហ្វូនផ្សេងកំលាំង 7.5W reverse wireless charging និង 5W wired charging ថែមទៀតផង៕
