
នៅខែមេសាឆ្នាំ 2024 នេះ ហាងជាច្រើនរបស់ក្រុមហ៊ុន Huawei បានចាប់ផ្តើមទទួលនូវការកក់ទិញ (Blind Reservation) សម្រាប់ស្មាតហ្វូន P70 series នៅលើទីផ្សារប្រទេសចិនហើយ។ ចាប់ពីពេលនេះ អតិថិជនជាច្រើន ដែលគាំទ្រស្មាតហ្វូននេះ អាចធ្វើការកក់ទិញនូវស្មាតហ្វូន Huawei P-Series នេះ បានហើយ នៅមុនការប្រកាសជាផ្លូវការចូលមកដល់។
បើតាមការបញ្ជាក់ពី Blue Whale Finance បានរកឃើញថា ការកក់ទិញមុននេះ គឺធ្វើឡើងនៅតាមហាងជាច្រើនរបស់ Huawei នៅក្នុងប្រទេសចិន រួមនិងហាងលក់រាយជាច្រើនទៀតផងដែរ។ នៅក្នុងហាងនិមួយៗ គឺបានចាប់ផ្តើមទទួលនូវការកក់ទិញ Blind Reservation ទៅលើស្មាតហ្វូន Huawei P70 series ជាមួយនិងជម្រើសទំហំច្រើនសម្រាប់ធ្វើការជ្រើសរើសទៀតផង។ ព័ត៌មានថ្មីនេះ ក៏មានការបញ្ជាក់ចេញពីតំបន់ Chaoyang នៃទីក្រុងប៉េកាំងផងដែរ។
សូមជំរាបថា Blind Reservations នេះគឺជាដំណើរការនៃការកក់ទិញមុន (pre-booking) ដោយក្រុមហ៊ុននេះ មិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ។ អ្នកប្រើប្រាស់ជាច្រើន ដែលបានកក់ទិញស្មាតហ្វូននេះមិនទាន់បានដឹងអំពីលក្ខណៈសម្បត្តិសំខាន់ៗ តម្លៃ និងព័ត៌មានពាក់ព័ន្ធទៅនឹងស្មាតហ្វូននេះទេ។ នៅក្នុងអំឡុងពេលនៃការសួរទៅកាន់បុគ្គលិករបស់ក្រុមហ៊ុននេះ អ្នកលក់នៅក្នុងក្រុមហ៊ុន Huawei នេះ បានទម្លាយថា អតិថិជនជាច្រើនអាចធ្វើការកក់ទិញទៅលើស្មាតហ្វូន Huawei P70 នេះជាមួយនឹងជម្រើសម៉េមូរីច្រើនក្នុងការជ្រើសរើស។
អ្នកលក់នៅក្នុងហាង Huawei បាននិយាយទៀតថា “នៅពេលនេះ យើងចាប់ផ្តើមទទួលនូវការកក់ទិញ Bline Order ប៉ុន្តែសម្រាប់ការប្រកាសជាផ្លូវការ ក្រុមហ៊ុន Huawei នឹងប្រកាសជាផ្លូវការតាមការជូនដំណឹងតាមក្រោយ!” បុគ្គលិកហាងរូបនេះបន្តថា ពួកគេមិនទាន់បានទទួលនូវពណ៌ ការឌីស្សាញ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន P70 Series នេះ។ នៅក្នុងការបែកធ្លាយកាលពីពេលមុននេះ ក្រុមហ៊ុន Huawei នឹងចាប់ផ្តើមទទួលនូវការកក់ទិញមុន Pre-order ទៅលើស្មាតហ្វូន P70 series នេះនៅដើមខែមេសានេះ។

ស្មាតហ្វូន Huawei P70 series នឹងស្ថិតនៅក្នុងគម្រោង Pioneer Project ដែលមានន័យថា ក្រុមហ៊ុននេះ អាចនឹងលក់នៅលើទីផ្សារ ដោយមិនមានការប្រកាសជាមុន ឬការផ្សព្វផ្សាយតាមរយៈការរៀបចំព្រឹត្តិការណ៍សម្ភោធន៍ធំណាមួយនោះទេ៕
