ស្វែងរកពួកយើង:

Huawei លក់ដាច់ខ្លាំងក្នុងព្រឹត្តិការណ៌ថ្ងៃលក់ 11.11 ឆ្នាំ 2024 ខណៈដែលការលក់របស់ Apple នៅបន្តធ្លាក់ចុះ

ដោយ

Koun Jab Luffy

21 វិច្ឆិកា 2024 11:20 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីនេះ ក្រុមហ៊ុន Counterpoint បានបញ្ចេញនូវរបាយការណ៍ថ្មីមួយ ដែលមានការបង្ហាញនូវដំណើរការរបស់ក្រុមហ៊ុន Huawei, Apple និងក្រុមហ៊ុនជាច្រើនទៀត ទាក់ទងនឹងការលក់ស្មាតហ្វូនរបស់ខ្លួនកំឡុងថ្ងៃទី 11.11 ដែលជាព្រឹត្តិការណ៌ប្រចាំឆ្នាំដ៏ធំនៅក្នុងប្រទេសចិនសម្រាប់ឆ្នាំ 2024 នេះ។ របាយការណ៌ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូនត្រកូល Mate របស់ Huawei គឺទទួលបាននូវភាពទាក់ទាញយ៉ាងខ្លាំងក្លាជាងគេ ខណៈដែលក្រុមហ៊ុន Apple គឺមានការលក់ធ្លាក់ចុះ។
គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ប្រទេសចិន បានរៀបចំនូវព្រឹត្តិការណ៍ 11.11 នេះជាមួយនឹងការលក់នៅក្នុងតម្លៃពិសេសតាំងពីមួយខែមុននេះ។ តាមរបាយការណ៍មុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei និង Apple នៅតែស្ថិតនៅក្នុងការប្រជែងជាមួយនឹងស្មាតហ្វូន Flagship ទាំង 10 នៅក្នុងបញ្ជីនៃស្មាតហ្វូននេះ។ បន្ទាប់ពីព្រឹត្តិការណ៍ 11.11 នៅក្នុងប្រទេសចិននេះ ក្រុមហ៊ុន Counterpoint ក៏បង្ហាញនូវលទ្ធផលនៃការប្រកួតប្រជែងរវាងក្រុមហ៊ុនកំពូលៗមួយចំនួននៅក្នុងទីផ្សាររបស់ប្រទេសចិន។
Article image
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារបញ្ជាក់ថា ក្រុមហ៊ុន Huawei ពិតជារីករាយជាមួយនឹងកំណើនដ៏ខ្លាំងក្លានៅក្នុងការលក់ 11.11 ឆ្នាំ 2024 នេះ ដោយសារតែតួរលេខនៃការលក់មានការកើនឡើងចំនួន 7% បើធៀបទៅនឹងឆ្នាំមុននេះ ខណៈពេលដែលក្រុមហ៊ុន Apple មានការធ្លាក់ចុះ 2 ខ្ទង់ផងដែរ។ ក្រុមហ៊ុន Counterpoint បាននិយាយថា ក្រុមហ៊ុន Huawei ក៏បានកាត់បន្ថយទៅលើតម្លៃនៃស្មាតហ្វូន Pura 70 និង Mate 60 ដែលធ្វើអោយក្រុមហ៊ុននេះ មានកំណើនដ៏ខ្លាំងក្លា។ ស្មាតហ្វូន Nova 13 Series វិញ ក៏លក់ដាច់ខ្លាំងផងដែរ ពីព្រោះថាស្មាតហ្វូននេះ បំពាក់នូវបន្ទះឈីប Kirin 5G chip និងមុខងារកាមេរ៉ា AI។
Article image
ទន្ទឹមនឹងនេះ បើទោះបីជាការលក់ក្រុមហ៊ុន Apple គឺមានការធ្លាក់ចុះ 2 ខ្ទង់ក៏ដោយ ស្មាតហ្វូន iPhone 16 Pro និងPro Max នៅតែជាស្មាតហ្វូនដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងថ្ងៃ 11.11 នេះផងដែរ។ ក្រៅពីក្រុមហ៊ុន Huawei និង Apple នោះ ក្រុមហ៊ុន OPPO មានការកើនឡើង 6% នៅក្នុងការលក់ទៅលើស្មាតហ្វូន A series, Reno 12 និង Find X8។ ក្រុមហ៊ុន Vivo ក៏មានការកើនឡើង 5% បើធៀបទៅនឹងឆ្នាំមុននេះនេះគឺដោយសារតែការលក់ទៅលើស្មាតហ្វូន Y series, X200 និង  iQOO ផងដែរ៕
Huawei លក់ដាច់ខ្លាំងក្នុងព្រឹត្តិការណ៌ថ្ងៃលក់ 11.11 ឆ្នាំ 2024 ខណៈដែលការលក់របស់ Apple នៅបន្តធ្លាក់ចុះ