ស្វែងរកពួកយើង:

Huawei ឡើងឈរតំណែងលេខ 3 លើទីផ្សារស្មាតហ្វូនអេក្រង់បត់សកលក្នុងត្រីមាសទីបីឆ្នាំ 2024

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2024 01:09 រសៀល

អាន 3 នាទី

Article image
Huawei បានឡើងមកគ្រងដំណែងលេខ 3 នៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់ពិភពលោកនៅក្នុងត្រីមាសទី 3 ក្នុងឆ្នាំ 2024 នេះបើយោងតាមរបាយការណ៍ពី IDC (International Data Corporation) ។ ដែលនេះ គឺជាការបង្ហាញពីការត្រឡប់មកសារជាថ្មីឡើងវិញក្នុងទីផ្សារស្មាតហ្វូនពិភពលោករបស់ក្រុមហ៊ុនបិតាបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយនេះ។ តាមរបាយការណ៍ Huawei ក្តោបបានចំនែកទីផ្សារស្មាតហ្វូនអេក្រង់បត់ (Foldables Market) សរុបប្រមាណ 13.2% ខណៈនៅទីផ្សារប្រទេសចិន ទីផ្សាររបស់ Huawei មានដំណើរការល្អខ្លាំងបំផុតនាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន Huawei បានធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូនជាមួយការបញ្ចេញវត្តមានស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងគេក្នុងលោកដែលមានឈ្មោះថា Huawei Mate XT Ultimate នៅក្នុងទីផ្សារប្រទេសចិនកាលពីពេលថ្មីៗនេះ។ ប៉ុន្តែ ទោះជាយ៉ាងណា Mate XT Ultimate មិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការនាំយកទៅប្រកាសចេញលក់ផ្លូវការណ៍នៅលើទីផ្សារសកលនៅឡើយទេមកទល់នឹងពេលនេះ។ Mate XT Ultimate ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែននៅទីផ្សារចិនដីគោល ខណៈការប្រកាសចេញលក់នៅលើទីផ្សារសកលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។
Article image
បើតាមអ្នកជំនាញទីផ្សារ បានបញ្ជាក់ថា Huawei នឹងកាន់តែមានប្រជាប្រិយភាពខ្លាំងបន្ថែមទៀតនៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់ពិភពលោកនៅត្រីមាសទី 1 ក្នុងឆ្នាំ 2025 ជាមួយនឹងវត្តមានផលិតផលស្មាតហ្វូនជំនាន់ថ្មីៗដែលត្រៀមបង្ហាញវត្តមាននាពេលខាងមុខ។ សូមបញ្ជាក់ថា Samsung Electronics នៅតែជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់បាន ដោយបានគ្រប់គ្រងចំនែកទីផ្សារសរុបប្រមាណ 51%។
ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold 6 និង Z Flip 6 បានជួយរក្សាដំណែងឲ្យ Samsung ឈរបានរឹងមាំនៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់ពិភពលោក។ ទោះយ៉ាងណា ទីផ្សារស្មាតហ្វូនអេក្រង់បត់របស់ Samsung មានការធ្លាក់ចុះបន្តិចកាលពីដើមឆ្នាំ ដោយបានផ្តល់នូវចំនែកទីផ្សារមួយចំនួនទៅកាន់ក្រុមហ៊ុន Honor និង Huawei។
Article image
ក្រុមហ៊ុន Lenovo ដែលគ្រប់គ្រងនៅលើម៉ាកស្មាតហ្វូន Motorola បានឈរនៅដំណែងលេខ 2 សម្រាប់ទីផ្សារស្មាតហ្វូនអេក្រង់បត់ពិភពលោកដោយបានកាន់កាប់ចំនែកទីផ្សារសរុបប្រមាណ 15.1% ខណៈ Honor ស្ថិតនៅលេខរៀងទី 4 ដោយមានចំនែកទីផ្សារ 6.7% និង Xiaomi ស្ថិតនៅលេខ 5 ដោយមានចំនែកទីផ្សារ 6.3%។
Article image
នៅក្នុងរបាយការណ៍របស់ IDC បានបញ្ជាក់ថា ទីផ្សារស្មាតហ្វូនអេក្រង់បត់ពិភពលោកមានការកើនឡើងប្រមាណ 22% ក្នុងឆ្នាំនេះ ដែលកើនឡើងបីដងធៀបនឹងទីផ្សារស្មាតហ្វូនធម្មតា។ ជាមួយគ្នានេះ Huawei ត្រូវបានគេមើលឃើញថា នឹងមានការកើនឡើងបន្តទៀតនៅក្នុងត្រីមាសចុងក្រោយ (Q4) ឆ្នាំនេះ នៅពេលដែលក្រុមហ៊ុនបានប្រកាសចេញលក់ស្មាតហ្វូនអេក្រង់ស៊េរីថ្មីចុងក្រោយរបស់ខ្លួននៅលើទីផ្សារសកល៕