
ដូចដែលយើងបានដឹងរួចហើយថា Huawei គឺជាក្រុមហ៊ុនលក់ស្មាតហ្វូនអេក្រង់បត់ឈានមុខគេនៅទីផ្សារប្រទេសចិន ទោះបីជាទីផ្សារសកល Huawei រត់តាមពីក្រោយ Samsung ក្តី។ ជាមួយនឹងភាពជោគជ័យនេះ Huawei ត្រូវបានគេនិយាយថា ត្រៀមធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បានបីតង់ ឬ Tri-foldable phone ដំបូងគេក្នុងលោកនាពេលឆាប់ៗក្នុងឆ្នាំនេះ។ តាមការបញ្ជាក់ពីគណនី Fixed Focus Digital បាននិយាយថា Huawei Tri-foldable Phone អាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅពីរខែខាងមុខទៀតនេះ។
ប្រភពដដែលនេះបានបញ្ជាក់ទៀតថា ស្មាតហ្វូនអេក្រង់បត់បីតង់របស់ Huawei នឹងមានតម្លៃថ្លៃ និងផលិតចំនួនបរិមាណមានកំណត់។ ប្រភពបានឲ្យដឹងទៀតថា Huawei Tri-foldable phone នឹងក្លាយជាឧបករណ៍ថ្មីដែលចូលខ្លួនមកជំនួសតំណែងស្មាតហ្វូនអេក្រង់បត់បច្ចុប្បន្ន ក៏ដូចជា iPad ផងដែរ។
ទោះជាយ៉ាងណាប្រភពមិនបានបញ្ជាក់ពីគុណសម្បត្តិរបស់ស្មាតហ្វូនអេក្រង់បត់បីតង់របស់ Huawei នោះទេ ក្នុងពេលនេះ។ ហើយបើតាមប្រភពព័ត៌មានដែលបានចេញផ្សាយកាលពីដើមខែបាននិយាយថា ស្មាតហ្វូនអេក្រង់បត់បីតង់របស់ Huawei នឹងមានអេក្រង់សរុបទំហំ 10-inch ហើយអេក្រង់របស់ស្មាតហ្វូននេះគឺនឹងមានបីផ្នែកដែលភ្ជាប់បង្គុំបញ្ចូលគ្នាដោយប្រព័ន្ធត្រចៀកបត់ចំនួន 2 (dual-hinges system)។
បើតាមគំរូបង្ហាញថា អេក្រង់របស់ស្មាតហ្វូនបត់នេះមានពីរ គឺបត់ចូលក្នុង ខណៈមួយទៀតបត់ចេញមកក្រៅ។ ហើយអេក្រង់ និងត្រចៀកបត់ គឺត្រូវបានធានាគុណភាពខ្ពស់ និងសុវត្ថិភាពខ្ពស់ក្នុងការកាច់បត់។

សូមបញ្ជាក់ថា Huawei បានស្នើសុំប៉ាតង់សម្រាប់បច្ចេកវិទ្យាស្មាតហ្វូនអេក្រង់បត់បីតង់ ឬ Trip-foldable phone ជាមួយការបង្ហាញបច្ចេកវិទ្យាស្មាតហ្វូននេះ កាលពីអំឡុងឆ្នាំ 2021 និងបានដាក់បន្ថែមនូវឯកសារពាក់ព័ន្ធផ្សេងៗទៀតនៅឆ្នាំ 2022 ហើយនៅក្នុងឆ្នាំ 2023 ក្រុមហ៊ុនក៏បានដាក់ពាក្យស្នើសុំប៉ាតង់សម្រាប់បច្ចេកវិទ្យាស្មាតហ្វូនអេក្រង់បត់ដែលប្រើប្រាស់គន្លឹះបត់ពីរជាមួយអេក្រង់បត់ចេញក្រៅកាលពីខែកុម្ភៈ ឆ្នាំ 2023។ ដូចនេះ រងចាំមើលថា Huawei គឺជាក្រុមហ៊ុនដំបូងគេដែលបញ្ចេញស្មាតហ្វូនអេក្រង់បត់បីតង់ Tri-foldable Phone ឬយ៉ាងណា៕
