
Huawei AITO ត្រូវបានគេរាយការណ៍ថា បានក្លាយជារថយន្តអគ្គិសនី ដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងប្រទេសចិន ហើយរថយន្តនេះ ក៏មានការនាំចេញទៅលើទីផ្សារសកលយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
រហូតមកទល់ពេលនេះ ក្រុមហ៊ុននេះ បាននាំចេញរថយន្តច្រើនជាង 21000 គ្រឿង គិតចាប់ពីខែកុម្ភៈ ដែលចំនួននេះ គឺច្រើនជាងគូប្រជែងរបស់ខ្លួននៅក្នុងទីផ្សារនេះ។ យោងតាមទិន្នន័យផ្លូវការដែលបញ្ចេញដោយនាយកប្រតិបត្តិនៃក្រុមហ៊ុន AITO បានបញ្ជាក់ថា ក្រុមហ៊ុននេះ បាននាំចេញរថយន្តសរុបចំនួន 21,142 គ្រឿងកាលពីខែមុននេះ។

តួរលេខខាងលើនេះ បង្ហាញថា ការនាំចេញរថយន្តរបស់ AITO នេះ គឺមានចំនួនច្រើនជាងក្រុមហ៊ុនផលិតរថយន្តកំពូលៗនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីដែលមានដូចជា Nio, Xpeng, Li Auto និងជាច្រើនទៀត។

បើធៀបជាមួយនឹងតួរលេខនៃការនាំចេញនេះ មានរបាយការណ៍មួយ បាននិយាយថា ក្រុមហ៊ុន Li Auto លក់រថយន្តបានចំនួនត្រឹមតែ 20,251 នៅក្នុងខែកុម្ភៈ ឆ្នាំ 2024។ ទន្ទឹមគ្នានេះផងដែរ ក្រុមហ៊ុន Nio មានការធ្លាក់ចុះទៅលើការនាំចេញដល់ទៅ 20% ដែលមានចំនួនត្រឹមតែ 8132 គ្រឿងប៉ុណ្ណោះនៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសចិន។

សម្រាប់ក្រុមហ៊ុន Xpeng Corporation ដែលមានគម្រោងក្នុងការបង្កើនទៅលើការផលិតរថយន្តឆ្លាតវៃរបស់ខ្លួននៅក្នុងឆ្នាំនេះ ក៏នាំចេញរថយន្តអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ បានត្រឹមតែ 4545 គ្រឿងប៉ុណ្ណោះ។ ដូចនេះ រថយន្តអគ្គិសនី Huawei AITO ក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅក្នុងទីផ្សាររបស់ចិន។ រថយន្តអគ្គសនីរបស់ក្រុមហ៊ុន Huawei នេះក៏ទទួលបាននូវជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សាររបស់ចិន។

បន្ទាប់ពីបង្ហាញវត្តមានមក រថយន្ត AITO គឺបានជួយអោយក្រុមហ៊ុន Huawei មានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មរថយន្តនេះ គឺដោយសារតែកម្លាំងម៉ាស៊ីនខ្លាំងក្លា និងដំណោះស្រាយនៃរថយន្តឆ្លាតវៃ។ រថយន្តនេះ ក៏នឹងមានការរីកចម្រើនបន្ថែមទៀតនាពេលខាងមុខនេះផងដែរ។

សូមជំរាបថា ទីផ្សាររថយន្តនៅក្នុងប្រទេសចិន មានការធ្លាក់ចុះ 11.6% បើធៀបទៅនឹងឆ្នាំមុននេះ ដែលមានការនាំចេញសរុបចំនួន 388,000 គ្រឿង។ ក្រុមហ៊ុន Huawei ក៏មានគោលដៅជួយអភិវឌ្ឍរថយន្តឆ្លាតវៃចំនួន 7-8 គ្រឿងនៅក្នុងឆ្នាំនេះផងដែរ៕

