
ក្រុមហ៊ុនផលិតបន្ទះឈីប HiSilicon Division របស់ Huawei ដែលទទួលរ៉ាប់រងផលិតបន្ទះឈីប Kirin បានបង្ហាញពីការកើនឡើងវិញសម្រាប់ទីផ្សារបន្ទះឈីបស្មាតហ្វូនរបស់ខ្លួន។ បើតាមរបាយការណ៍ពី Canalys បានឲ្យដឹងថា HiSilicon បានធ្វើការនាំចេញបន្ទះឈីប Kirin បានចំនួន 8 លាន ក្នុងត្រីមាសដំបូងនៃឆ្នាំ 2024 ដែលសរុបជាសាច់ប្រាក់ដែលទទួលបាន គឺមានចំនួន 6 ពាន់លានដុល្លារអាមេរិក។
ដែលនេះ គឺជាការកើនឡើងដ៏គួរឱ្យកត់សម្គាល់មួយបើប្រៀបធៀបទៅនឹងត្រីមាសមុន ប៉ុន្តែ ក្រុមហ៊ុន Huawei នៅតែមានដំណើរការទីផ្សារយឺតជាងដៃគូប្រកួតប្រជែងសំខាន់ៗ។ ក្រុមហ៊ុន Huawei បានគ្រប់គ្រងលើសពីការនាំចេញបន្ទះឈីប និងប្រាក់ចំណូលរបស់ Google នៅក្នុងត្រីមាសទី 1 ក្នុងឆ្នាំ 2024។ ដោយ Google បាននាំចេញបន្ទះឈីប (SoC) ស្មាតហ្វូនរបស់ខ្លួនត្រឹមតែ 2លានតែប៉ុណ្ណោះ ដែលទទួលបានចំណូលចំនួន 2 ពាន់លានដុល្លារ។ ដោយឡែកក្រុមហ៊ុន Samsung និង MediaTek គឺជាក្រុមហ៊ុននាំមុខក្នុងការនាំចេញបន្ទះឈីបស្មាតហ្វូន ដោយក្នុងនោះ Samsung បាននាំចេញបន្ទះឈីបបានចំនួន 18 លាន ទទួលបានប្រាក់ចំណូល 9 ពាន់លានដុល្លារ ខណៈ MediaTek នាំចេញបន្ទះឈីបបានដល់ 114 លាន ប៉ុន្តែទទួលបានប្រាក់ចំណូលប្រមាណ 23 ពាន់លានដុល្លារអាមេរិក។
ដោយឡែកក្រុមហ៊ុន Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបស្មាតហ្វូនឈានមុខគេក្នុងពិភពលោកវិញ បានធ្វើការនាំចេញបន្ទះឈីបបានចំនួន 75 លាន ទទួលបានប្រាក់ចំណូលដល់ 37 ពាន់់់លានដុល្លារអាមេរិកក្នុងត្រីមានដំបូងឆ្នាំនេះ។ ចំនែក Apple វិញ គឺជាក្រុមហ៊ុនដែលមានប្រាក់ចំណូលពីបន្ទះឈីបឈានមុខគេ ដោយក្រុមហ៊ុបិតាបច្ចេកវិទ្យាអាមេរិកមួយនេះនាំចេញបន្ទះឈីបស្មាតហ្វូនបានចំនួន 49 លាន ដែលរកប្រាក់ចំណូលបានដល់ 56 ពាន់លានដុល្លារអាមេរិក។ បើទោះបីជា Huawei ទទួលបានចំណែកទីផ្សារបន្ទះឈីបតិចតួចត្រឹម 2.7% ក្តីនៅត្រីមាសដំបូងក្នុងឆ្នាំ 2024 ក៏ប៉ុន្តែ នេះគឺ ជាសញ្ញានៃការងើបឡើងវិញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ដែលនឹងជះឥទ្ធិពលមកលើទីផ្សារផងដែរ។
ចំពោះនិន្នាការនេះត្រូវបានគេរំពឹងថា Huawei នឹងបន្តងើបឡើងជាមួយនឹងការមកដល់នៃកំពូលស្មាតហ្វូនស៊េរី Mate 70 ដែលរំពឹងថានឹងមកដល់ក្នុងខែតុលា រួមនិងប្រព័ន្ធប្រតិបត្តិការ HarmonyOS Next នៅក្នុងខែកញ្ញា។ ចំនែកប្រតិបត្តិការ HarmonyOS ដែលរចនាបង្កើតឡើងដោយ Huawei ផ្ទាល់ ក៏នឹងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android របស់ Google សម្រាប់ឧបករណ៍របស់ក្រុមហ៊ុនទៀតផង៕
