
នៅថ្ងៃនេះ មានដំណឹងថា ស្មាតហ្វូន Huawei Mate 70 Pro ឆាប់ៗនេះ អាចនឹងមាន version ថ្មីមួយទៀតនោះគឺ Premium Edition ដែលម៉ូដែលថ្មីនេះ នឹងបំពាក់នូវបន្ទះឈីបថ្មី Kirin 9020។ ទាក់ទងជានឹងរឿងនេះដែរ ក្រុមហ៊ុន Huawei ក៏ត្រូវគេដឹងថា បានត្រៀមខ្លួននៅក្នុងការបញ្ចេញនូវស្មាតហ្វូន Flagship ថ្មីដែលមានការ upgrade ជាច្រើនដូចគ្នា។
សូមជំរាបថា ស្មាតហ្វូន Mate 70 Series ដែលបង្ហាញខ្លួនថ្មីៗនេះ គឺមាន 4 ម៉ូដែលរួមមានដូចជា ម៉ូដែលស្តង់ដារ, Pro, Pro+ និង RS Ultimate។ ស្មាតហ្វូននេះ មានការបំពាក់នូវ hardware កម្រិតខ្ពស់ និងសមត្ថភាពនៃកម្មវិធី software ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យ។

យោងតាមព័ត៌មានថ្មីពេលនេះ អោយដឹងថា ក្រុមហ៊ុន Huawei បានអភិវឌ្ឍទៅលើស្មាតហ្វូនជំនាន់ថ្មី Mate 70 Pro Premium Edition ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9020 5G ថែមទៀតផង។ បើតាមអ្នកទម្លាយ @FixedFocus បាននិយាយថា ស្មាតហ្វូន Huawei Mate 70 Pro Premium Edition នឹងមិនមានភ្ជាប់ជាមួយនឹង accessories អ្វីនោះទេ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូន Mate 70 Pro Premium Edition នេះអាចនឹងបំពាក់នូវបន្ទះឈីប Kirin 9020 5G។ បើធៀបជាមួយនឹងស្មាតហ្វូន Mate 60 Series គឺមានល្បឿនលឿនជាងមុន 30%។

គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei បានបញ្ចេញនូវបន្ទះឈីប Kirin ជាច្រើនកូដចាប់តាំងពីឆ្នាំ 2023។ បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូន Mate 60 series ជាមួយនឹងបន្ទះឈីប Kirin 9000s នោះ ក្រុមហ៊ុននេះ ក៏បញ្ចេញនូវបន្ទះឈីបថ្មីសម្រាប់ថេប្លេត MatePad ផងដែរ។ ក្រុមហ៊ុនផលិតស្មាតហ្វូននេះ មិនទាន់បញ្ជាក់អំពីរឿងនេះទេ។ ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវថេប្លេតថ្មីនេះ នៅចុងខែនេះ ឬនៅក្នុងខែមីនា។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវបន្ទះឈីប Kirin 9020 5G ថ្មីជាមួយនឹងស្មាតហ្វូន Mate 70 series នេះដែលនឹងបង្កើនទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំង។ បន្ទះឈីបនេះប្រើប្រាស់នូវ 3GPP R18 5G-A SoC ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ៕
