
យោងតាមព័ត៌មានថ្មីៗដែលនិយាយអំពីស្មាតហ្វូន Huawei Mate 70 Series នៅពេលនេះ បានបញ្ជាក់អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងមានប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ដែលទ្រទ្រង់ជាមួយនូវសិនស័រថ្មី OV50K។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏អាចនឹងមានការប្រើប្រាស់នូវកញ្ចក់ Optic សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនៃម៉ូដែល Mate Series ថ្មីរបស់ខ្លួននេះផងដែរ។
យោងតាមអ្នកទម្លាយ @SmartPikachu ដែលជាប្រភពមួយអាចជឿជាក់បាននោះ បាននិយាយថា ស្មាតហ្វូន Mate70 Series ថ្មីនេះ គឺនឹងមានការតម្លើងនូវកាមេរ៉ាដែលមានសមត្ថភាពដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei ម៉ូដែល P70 Series អញ្ចឹងដែរ។ ស្មាតហ្វូនថ្នាក់ប្រណិតថ្មីនេះ នឹងមានបំពាក់នូវកាមេរ៉ាទំហំ 50MP មានចំនួន 3 ដែលមានសមត្ថភាពខ្ពស់ និងមានអនុភាពខ្លាំងក្លាបំផុតនៅក្នុងការប្រើប្រាស់សម្រាប់ការថតរូប។

សូមជំរាបថា ថ្មីៗនះ មានការទម្លាយថា ស្មាតហ្វូន Huawei Mate 70 Series ដែលជាប្រណិតរបស់ក្រុមហ៊ុននេះ ក៏អាចនឹងមានកាមេរ៉ាគោលថ្មី ដែលប្រើប្រាស់ជាមួយនូវសិនស័រ OV50K ផងដែរ។ សម្រាប់សិនស័រ OV50K នេះ គឺជាសិនស័រជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Omnivision ដែលមានការអភិវឌ្ឍខ្លាំងបំផុត។ សិនស័រនេះ គឺត្រូវបានគេបញ្ជាក់ថា មានទំហំ 1-អ៊ីងអាចចាប់រូបភាពពន្លឺបានច្បាស់យ៉ាងល្អ។ សិនស័រ OV50K នេះ មានសមត្ថភាពអាចចាប់យកប្លង់ពន្លឺតិចបានយ៉ាងមានប្រសិទ្ធិភាពថែមទៀតផង។ បន្ថែមពីនេះ ក៏មានបញ្ជាក់ទៀតថា សិនស័រ OV50K នេះ មានបំពាក់នូវកម្រិត f/1.4 aperture ដែលអាចពង្រឹងទៅលើពណ៌បានយ៉ាងល្អ និងការចាប់ប្លង់បានលឿនផងដែរ។

ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 series នេះ នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាទំហំ 1-អ៊ីង គាំទ្រជាមួយ variable aperture ហើយនិង hybrid lens ទៀតផង។ ជាមួយគ្នានេះ ក៏មាមការបញ្ជាក់ជាថ្មីថា ស្មាតហ្វូន Huawei Mate 70 series នេះ ក៏នឹងមានដំណោះស្រាយថ្មីទៅលើមុខងារ Advanced-Level Display ដែលអាចពង្រឹងនូវបទពិសោធន៍នៃការទស្សនាយ៉ាងអស្ចារ្យថែមទៀត។ អ្វីដែលរឹតតែអស្ចារ្យនោះ គឺថា ស្មាតហ្វូន Mate 70 បានត្រៀមខ្លួនរួច រាល់ហើយនៅក្នុងការប្រកួតប្រជែងជាមួយនិង iPhone 16 Series ដែលនឹងបង្ហាញខ្លួននាពេលខាងមុខនេះ៕
