
កាលពីថ្ងៃទី 26 ខែវិច្ឆិកាឆ្នាំ 2024 នេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Mate 70 Series ដែលជាម៉ូដែល Flagship ចុងក្រោយបំផុតរបស់ខ្លួននៅលើទីផ្សារប្រទេសចិនហើយ។ មកដល់ពេលនេះ បើទោះបីជាក្រុមហ៊ុននេះ នៅតែបន្តប្រឈមមុខទៅនឹងការដាក់ទណ្ឌកម្មជាច្រើនរបស់សហរដ្ឋអាមេរិកក៏ដោយ Huawei នៅតែបន្តបញ្ចេញនូវស្មាតហ្វូនម៉ូដែលថ្មីៗជាច្រើនរបស់ខ្លួនបានដដែល ដោយថែមទាំងបានដណ្តើមនូវចំណែកទីផ្សារនៅក្នុងប្រទេសចិនពីក្រុមហ៊ុននានាមកវិញថែមទៀតផង។
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមាន 4 ម៉ូដែល រួមមានដូចជា Mate 70, Mate 70 Pro, Mate 70 Pro+ និង Mate 70 Ultimate Design ។ ស្មាតហ្វូននេះ មានការឌីស្សាញខុសគ្នាផ្អែកទៅលើតម្លៃ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានធ្វើការអាប់ដេតទៅលើការឌីស្សាញកាមេរ៉ាសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន កាន់តែធំជាងមុន ហើយក៏មានការប្រើប្រាស់នូវ Ring Cover នៅជុំវិញ Lenses កាមេរ៉ាផងដែរ។


ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 48MP telephoto ខណៈដែលគ្រាប់ទីបីមានទំហំ 40MP ultra-wide angle lens។ ប្រព័ន្ធកាមេរ៉ាថ្មីនេះ គឺមានការទ្រទ្រង់នូវការថតកម្រិត 4K ហើយនិងមានមុខងារ Night Mode, Variable Aperture និងជាច្រើនទៀតផងដែរ។ បន្ថែមពីនេះ ប្រព័ន្ធកាមេរ៉ា ក៏មានការប្រើប្រាស់នូវប្រព័ន្ធ XMAGE Imaging System ដើម្បីពង្រឹងសមត្ថភាពនៃកាមេរ៉ាផងដែរ។

ស្មាតហ្វូន Mate 70 Pro មានអេក្រង់ទំហំ 6.9-អ៊ីងកម្រិត OLED និងមានការគាំទ្រនូវបច្ចេកវិទ្យា LTPO ដែលអាចរត់បានជាមួយនឹងល្បឿន 1Hz-120Hz Adaptive Refresh Rate និង Touch Sampling Rate ខ្ពស់ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ មានរន្ធនៅលើអេក្រង់ចំនួន 3 គ្រាប់ ដែលមានការបំពាក់នូវ កាមេរ៉ា Selfie និង 3D Sensor សម្រាប់ដោះសោរដោយស្កេនមុខ និង Air gestures ផងដែរ។

ចំពោះម៉ូដែលស្តង់ដារវិញ គឺមានទំហំអេក្រង់ 6.7-អ៊ីង និងមានរន្ធមួយគ្រាប់នៅលើ ហើយនិងមានគែម bezels តូចជាងមុនថែមទៀត។ ស្មាតហ្វូនម៉ូដែល Pro មានថាមពលថ្មទំហំ 5700mAh ដែលមានការបង្កើនពីទំហំ 5000mAh និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W/88W wired charging ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT operating system ជំនាន់ចុងក្រោយបំផុត ហើយក៏មានការពង្រឹងទៅលើ Ark engine ដើម្បីបង្កើនទៅលើប្រសិទ្ធិភាពនៃការលេងហ្គេមថែមទៀតផង។

ស្មាតហ្វូន Huawei Mate 70 series នេះ ក៏មានការបង្ហាញខ្លួនជាមួយនឹង Generative AI និង Large Language Model (LLM) technologies ដើម្បីជំនួយជាសំឡេងថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ នឹងលក់នៅក្នុងប្រទេសចិន ខណៈដែលទីផ្សារសកលនៅមិនទាន់ប្រកាសជាផ្លូវការណ៌នោះទេ៕

