ស្វែងរកពួកយើង:

Huawei Mate 70 series ផ្តើមផលិតទ្រង់ទ្រាយធំហើយ

ដោយ

Koun Jab Luffy

27 កញ្ញា 2024 09:31 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយចេញពីខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យានាពេលថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូន Huawei Mate 70 Series គឺបានចាប់ផ្តើមការផលិតទ្រង់ទ្រាយធំហើយ។ បន្ទាប់ពីការផលិតទៅលើសមាសភាគសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Mate 70 Series រួចរាល់ហើយនោះនៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានចាប់ផ្តើមជម្រុញការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូនត្រកូល Mate flagship ជំនាន់ថ្មីនេះហើយ។
ប្រភពនៃខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើន បាននិយាយថា នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានចាប់ផ្តើមតម្លើងទៅលើស្មាតហ្វូន Mate 70 ហើយ ខណៈដែលស្មាតហ្វូន Huawei Mate 70 Series ជាច្រើនម៉ូដែលទៀតក៏ចាប់ផ្តើមផលិតទ្រង់ទ្រាយធំដូចគ្នា។ តាមព័ត៌មានលម្អិតដែលគេទើបទទួលបាននេះបាននិយាយថា ស្មាតហ្វូននេះ ដំណើរការនៃការផលិត នឹងបញ្ចប់ទាំងស្រុងនៅចុងខែនេះ។ ក្រុមហ៊ុន  Huawei នឹងបង្ហាញនូវស្មាតហ្វូន Flagship នេះ នៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ។
បើតាមការបញ្ជាក់កន្លងមក បាននិយាយថា ស្មាតហ្វូន Huawei Mate 70 series នេះ នឹងមានចំនួនច្រើនជាងនាន់មុន។ សម្រាប់ចំនួនស្តុករបស់ស្មាតហ្វូននេះ ក៏នឹងមានចំនួនច្រើនជាងស្មាតហ្វូន Mate 60 Series ដល់ទៅ 40%-50% ថែមទៀតផង។ ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ មានការព្យាករណ៌ថា ក្រុមហ៊ុន Huawei ក៏អាចជៀសផុតពីបញ្ហាជាច្រើនដែលធ្លាប់បានជួបជាមួយនឹងស្មាតហ្វូន Mate 60 series ផងដែរ។ គួរបញ្ជាក់ថា ការស្មាតហ្វូនជំនាន់មុន គឺបានប្រឈមទៅនឹង បញ្ហាទៅលើកង្វះស្តុកច្រើនមែនទែន។ នៅពេលនេះ ក្រុមហ៊ុនចិនមួយនេះ បានផ្តោតទៅលើការនាំចេញទៅលើស្មាតហ្វូន Mate 70 Series អោយបានលឿនទាន់ពេល និងចំនួនស្តុកបានច្រើនសម្រាប់ផ្គត់ផ្គង់រយៈពេលយូរ។
សូមជំរាបថា នៅក្នុងខែសីហាឆ្នាំ 2023 ស្មាតហ្វូន Huawei Mate 60 Series បានបង្ហាញខ្លួនជាផ្លូវការណ៌នៅលើទីផ្សារចិន ដែលកាលនោះម៉ូដែលនេះ គឺបានប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងស្មាតហ្វូន iPhone 15 series។ ដូច្នេះឆ្នាំនេះ អតិថិជនជាច្រើន បានរំពឹងថា ស្មាតហ្វូន Mate ជំនាន់ថ្មី ដែលមានវត្តមាននៅខែកញ្ញាខាងមុខនេះ ក៏ចំពេលដែលមានការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 16 ផងដែរ។ ស្មាតហ្វូនក្រុមហ៊ុនទាំងពីរនេះ នឹងមានការប្រជែងគ្នាម្តងទៀតជាក់ជាមិនខាន។
Article image
សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា មានការផ្តោតទៅលើការចេញលក់ស្មាតហ្វូន Huawei Mate 70 series អោយបានទាន់ពេលវេលា ហើយនិងមានការពង្រឹងទៅការដោះស្រាយផ្នែក software រួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ទៀតផង។ ស្មាតហ្វូន Mate 70 series ត្រូវគេជឿជាក់ថា នឹងបង្ហាញខ្លួននៅលើទីផ្សារនៅចុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ 2024 ខាងមុខនេះ៕
Huawei Mate 70 series ផ្តើមផលិតទ្រង់ទ្រាយធំហើយ