ស្វែងរកពួកយើង:

Huawei Mate 70 series ត្រូវគេទម្លាយថា អាចនឹងបន្តឌីស្សាញម៉ូឌុលកាមេរ៉ាដូចជំនាន់មុនដដែល!

ដោយ

Koun Jab Luffy

01 មិថុនា 2024 09:18 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 series នាពេលថ្មីៗនេះ មានការបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងបន្តនៅក្នុងការប្រើប្រាស់នូវការឌីស្សាញម៉ូឌុលកាមេរ៉ានៅខាងក្រោយរបស់ស្មាតហ្វូន flagship នេះ មានរាងជារង្វង់ដូចគ្នាទៅនឹងជំនាន់មុន Mate 60 Series ដដែល។ ដូច្នេះសម្រាប់ដែលអ្នកប្រើប្រាស់ជាច្រើន ដែលបានរំពឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញនេះ ប្រហែលជាមិនទំនងនឹងកើតឡើងនោះទេ។
ថ្មីៗនេះ អ្នកទម្លាយ @SmartPikachu បានបង្ហោះនៅលើ Weibo ដោយបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series នេះ នឹងបន្តប្រើប្រាស់នូវកាមេរ៉ាមូលខាងក្រោយនៅខាងក្រោយដូចទៅនឹងស្មាតហ្វូនជំនាន់មុនដដែល។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់។ សូមជំរាបថា ក្រុមហ៊ុន Huawei បានបង្កើតនូវស្មាតហ្វូន Mate ដែលមានកាមេរ៉ាមូលនៅខាងក្រោយ គិតចាប់តាំងពីស្មាតហ្វូន Mate 30 series មកម្លេះ ហើយការឌីស្សាញរាងមូលនេះ ក៏អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Mate 70 series ខាងមុខនេះផងដែរ។
Article image
បើមើលទៅលើការបែកធ្លាយថ្មីនាពេលថ្មីៗនេះបាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ អាចនឹងប្រើប្រាស់នូវសិនស័រកាមេរ៉ា OmniVision CMOS ថ្មី នៅលើស្មាតហ្វូន Huawei Mate 70 Series នេះផងដែរ។ ប្រសិនបើព័ត៌មាននេះ ក្លាយជាការពិតនោះ ស្មាតហ្វូន Mate ជំនាន់ថ្មីនេះ នឹងមានសមត្ថភាពខ្លាំងជាងមុន និងការផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យជាងមុនបើធៀបទៅនឹងស្មាតហ្វូនរបស់ខ្លួន។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏អាចនឹងមានកាមេរ៉ា OV50H sensor, hybrid lens និងកាមេរ៉ាគោល OV50K ថែមទៀតផង៕