
យោងតាមព័ត៌មានថ្មី ដែលបានចេញផ្សាយមុននេះ បានអោយដឹងថា ស្មាតហ្វូន Huawei Mate 70 series នឹងបង្ហាញខ្លួននៅឆ្នាំ 2024 នេះ ជាមួយនឹងបន្ទះឈីប Kirin ថ្មីផងដែរ។ ជាមួយគ្នានេះ ពាក្យចចាមអារ៉ាមជាច្រើន កន្លងមក ក៏បាននិយាយ ពីសមត្ថភាពនៃកាមេរ៉ារបស់ស្មាតហ្វូន Mate 70 នេះផងដែរ ដោយបញ្ជាក់ថា គឺមានការអាប់ដែតច្រើន បើធៀបជាមួយនឹង 3ជំនាន់មុនៗផងដែរ។
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការអភិវឌ្ឍច្រើនទៅលើផ្នែកកាមេរ៉ារបស់វា។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាសេនស័រទំហំ 1 អ៊ីង របស់ក្រុមហ៊ុន OmniVision ដែលសិនស័រនេះត្រូវបានគេនិយាយថាអាចជា OV50K ដែលមានទំហំ 50MP។ តាមការបែកធ្លាយមួយកាលពីខែមុននេះ ក៏មានការអះអាងដែរថា នៅលើស្មាតហ្វូននេះ គឺនឹងមានមុខងារ 3D spatial zoom ដែលផ្តល់នូវបទពិសោធន៍ថ្មីនៃការថតវីដេអូ និងសំឡេងយ៉ាងអស្ចារ្យថែមទៀតផង។ សម្រាប់កាមេរ៉ា periscope ក៏មានការពង្រឹងទៅលើ lenses និងបច្ចេកវិទ្យា variable aperture technology ថ្មីថែមទៀត។
ស្មាតហ្វូនថ្មី Mate series នេះ នឹងមានបន្ទះឈីប Kirin ហើយក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5G ផងដែរ។ ដែលឈីបនេះ អាចជាបន្ទះឈីប Kirin 9100 ដែលក្រុមហ៊ុននេះ នឹងបង្ហាញចេញនៅក្នុងឆ្នាំនេះ។ ស្មាតហ្វូន Mate 70 series នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ដែលអភិវឌ្ឍរបស់ក្រុមហ៊ុន Huawei ទៅលើទីផ្សារ។ ពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា បន្ទះឈីប Kirin 9100 នេះគឺមានសមត្ថភាពនៅចន្លោះបន្ទះឈីប Snapdragon 8 Gen 2 និង Snapdragon 8 Gen 3 ។

បើមើលទៅលើស្មាតហ្វូនជំនាន់មុន Huawei Mate 60 កន្លងមក គឺមានអេក្រង់ទំហំ 6.69 អ៊ីង ទំហំ1216 x 2688p (441 ppi density) LTPO OLED និងបន្ទះឈីប Kirin 9000S។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP មាន f/1.4-f/4.0 variable aperture និងមានមុខងារ OIS។ ស្មាតហ្វូននេះមាន 12MP 5x periscope telephoto និង 12MP ultrawide។ ស្មាតហ្វូននេះក៏មានកាមេរ៉ាខាងមុខទំហំ 13MP selfie ដែលមាន field of view (18mm) ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 4750 mAh និងបច្ចេកវិទ្យា 66W wired និង 50W wireless charging ថែមទៀតផង៕
