
Huawei Mate 70 series ដែលជាស្មាតហ្វូនស៊េរីថ្មី ត្រូវបានគេរាយការណ៌ថា អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាសេ្កនមុខ 3D Face Recognition Technology សម្រាប់គ្រប់ម៉ូដែលទាំងអស់។ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ត្រូវបានគេរំពឹងថា អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះ នៅលើស្មាតហ្វូនប្រភេទ Standard version របស់ខ្លួនផងដែរ។ យោងតាម @FixedFocus បានទម្លាយថា ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 3D Face Recognition នេះ សម្រាប់ស្មាតហ្វូនត្រកូល Mate 70 series ។
ក្រុមហ៊ុន Huawei បានបន្ថែមថា បច្ចេកវិទ្យា 3D Face Recognition នេះ គឺមានការប្រើប្រាស់នូវ ToF (Time-of-Flight) Three-Dimensional Imaging Technology ដើម្បីធ្វើការចាប់នូវទម្រង់លម្អិតនៃផ្ទៃមុខ។ ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ា Depth-Sensing នេះ អាចធ្វើការសម្គាល់ទៅលើផ្ទៃមុខបាននៅក្នុងពេលងងឹត ឬពន្លឺទាបថែមទៀតផង។ ខុសប្លែកពីបច្ចេកវិទ្យា 2D ឬបច្ចេកវិទ្យាស្កេនមុខពីមុននោះ បច្ចេកវិទ្យាស្កេនមុខ 3D នេះ មានលក្ខណៈប្រសើរជាងមុន។ បច្ចេកវិទ្យាថ្មីនេះ អាចគណនានូវព័ត៌មានកាន់តែស៊ីជម្រៅជាងមុនដូចជាបន្ទាត់នៅលើផ្ទៃមុខ សញ្ញាសម្គាល់ និងព័ត៌មានលម្អិតជាច្រើនទៀតដើម្បីការពារសវុត្ថិភាពរបស់ស្មាតហ្វូននេះ។

នៅពេលនេះ អ្នកប្រើប្រាស់ កាន់តែមានសុវត្ថិភាពជាងមុននៅក្នុងការដោះសោរនៅលើស្មាតហ្វូនថ្មីនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏បានប្រើប្រាស់នូវបច្ចេកវិទ្យា 3D ToF Face Recognition នៅលើស្មាតហ្វូនជាច្រើន ម៉ូដែលនៃត្រកូល Mate ផងដែរ។ ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅលើស្មាតហ្វូន Mate 20 Pro ជាលើកដំបូងបំផុត។

អ្នកទម្លាយនៅលើ Weibo នេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series នេះ អាចនឹងបំពាក់នូវបច្ចេកវិទ្យា 3D Face Recognition ដែលមានម៉ូដែលស្តង់ដារផងដែរ។ គាត់បាននិយាយថា ក្រុមហ៊ុន OFILM អាចនឹងក្លាយជាអ្នកផ្គត់ផ្គង់ទៅលើកាមេរ៉ាសិនស័រនេះ។ ក្រុមហ៊ុន Huawei មានគោលដៅក្នុងការធ្វើអោយស្មាតហ្វូន Flagship របស់ខ្លួនកាន់តែប្រសើរជាងម៉ូដែលមុនៗ និងម៉ូដែលជាច្រើនទៀតដែលមាននៅលើទីផ្សារ៕
