
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសថា ស្មាតហ្វូន Mate 70 Series អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 នៅឆ្នាំនេះ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងសន្និសីទ HDC 2024 កន្លងទៅនេះ។ នៅថ្ងៃនេះ មានការបែកធ្លាយមួយចេញពីអ្នកទម្លាយ Digital Chat Station ដោយបានបញ្ជាក់ថា ការបង្ហាញខ្លួនរបស់ស្មាតហ្វូន Mate 70 Series អាចនឹងពន្យារពេលទៀតដល់ពាក់កណ្តាល ឬចុងត្រីមាសទី 4 ប្រហែលជានៅក្នុងខែធ្នូ ឬចុងខែនេះ។
ទាក់ទងនឹងការពន្យារពេលនេះ ត្រូវបានគេមើលឃើញថា គឺដោយសារតែបញ្ហាប្រឈមដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT និងការបំពាក់នូវបន្ទះឈីប Kirin 5G SoC ជំនាន់ចុងក្រោយ។ សូមជំរាបថា HarmonyOS NEXT គឺជាប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ HarmonyOS ដែលជារឿងសំខាន់សម្រាប់ព្រឹត្តិការណ៍ HDC 2024។ ស្មាតហ្វូន Mate 70 series នឹងបំពាក់នូវ HarmonyOS NEXT OS នេះ។ ដូច្នេះ ដើម្បីធានាទៅលើការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការនេះ មានភាពរលូននោះ ក្រុមហ៊ុននេះ អាចនឹងចំណាយពេលយូរជាងមុន នៅក្នុងការតេស្ត HarmonyOS NEXT នៅលើស្មាតហ្វូនថ្មីនេះ។

ងាកមកបន្ទះឈីប Kirin នេះវិញ គឺប្រើប្រាស់នូវ platform ថ្មី និងមានការពង្រឹងទៅលើបច្ចេកវិទ្យាកាន់តែប្រសើរដែលទាមទារអោយមានការអភិវឌ្ឍច្រើនជាងមុនក្នុងការដាក់បញ្ចូលជាមួយនឹង hardware របស់ស្មាតហ្វូននេះ។ អ្នកទម្លាយនេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានអេក្រង់ 1.5K LTPO display, Omnivision OV50K main ជាមួយនឹង ultra-large variable aperture និងថាមពលថ្ម ultra-large silicon ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Silicon Negative Electrode Technology ក្នុងការបង្កើនប្រសិទ្ធិភាពកាន់តែប្រសើរជាងមុន។ សម្រាប់សុវត្ថិភាពវិញនោះ ក្រុមហ៊ុន Huawei អាចនឹងផ្តោតទៅលើបច្ចេកវិទ្យាស្កេនមុខ 3D face scanning ផងដែរ។

យោងតាមរបាយការណ៍ជាច្រើនមុននេះ មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា 3D spatial zoom នៅលើកាមេរ៉ា និង satellite communication ដែលទ្រទ្រង់សម្រាប់ការសង្គ្រោះបន្ទាន់ភ្លាមៗថែមទៀតផង។ ខណៈពេលដែលការប្រកាសជាផ្លូវការនៅមិនទាន់បញ្ជាក់នៅឡើយទេនោះ ការពន្យារពេលនេះ អាចផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន Huawei ក្នុងការតេស្តដំណើរការនៃបន្ទះឈីប Kirin ថ្មី និងប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT នេះដែលនឹងផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់ថែមទៀតទៅលើត្រកូល Mate Series នេះ៕
