
យោងតាមសេចក្តីរាយការណ៌ថ្មីមួយចេញពីប្រទេសចិននៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវមុខងារកម្រិតខ្ពស់ទៅលើបច្ចេកវិទ្យា Zoom សម្រាប់កាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូន Mate 80 Pro Max អោយកាន់តែមានភាពអស្ចារ្យ។ ថ្មីៗនេះ មានការចែករំលែកនូវព័ត៌មានថ្មី ស្តីពីសមត្ថភាពនៃការថតកម្រិត Zoom នៅលើស្មាតហ្វូននេះ គឺមានចម្ងាយដល់ទៅ 100 គីឡូម៉ែត្រឯណោះពិតជាខ្លាំងមិនគួរអោយជឿ។
ផ្អែកតាមអ្នកទម្លាយម្នាក់ដែលបង្ហោះនៅលើបណ្តាញសង្គម Weibo ដែលថតចេញពីស្មាតហ្វូន Flagship Huawei Mate 80 Pro Max នេះ គឺបានបញ្ជាក់ពីសមត្ថភាពនៃការ Zoom បានយ៉ាងស្រស់ស្អាត។ នៅក្នុងការថតរូបភាពដែលមានចម្ងាយនេះគឺអាចចាប់បានរូបភាពរបស់អគារ China Zun ដែលមានកម្ពស់ដល់ទៅ 528 ម៉ែត្រនៅក្នុងទីក្រុងប៉េកាំង។ អគារនេះមានឈ្មោះហៅក្រៅគឺ CITIC Tower និងជាអគារខ្ពស់បំផុតនៅទីក្រុងនេះ ហើយនៅក្នុងនោះ គឺមានការិយាល័យ សណ្ឋាគារ និងអាផាតមិនជាច្រើនទៀតផង។

បន្ថែមពីនេះ អ្នកទម្លាយរូបនេះ ក៏បានថតនៅប្លង់ទីតាំងផ្សេងមួយទៀតផងដែរ។ គាត់បានថតអាគារ Tianjin ដែលមានចម្ងាយឆ្ងាយដល់ទៅ 105 គីឡូម៉ែត្រផងដែរ។ ជាមួយនឹងចម្ងាយដ៏ឆ្ងាយនេះ ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Pro Max នៅតែអាចថតរូបភាពបានច្បាស់ និងមិនធម្មតានោះទេ។ តាមការបញ្ជាក់របស់អ្នកទម្លាយដដែលរូបនេះ បាននិយាយថា ការថតរូបភាពរយៈចម្ងាយឆ្ងាយនេះ ក៏តម្រូវអោយមានការប្រើប្រាស់នូវកាមេរ៉ា Long Telephoto ឬ Camera kit កម្រិតខ្ពស់ផងដែរ។

សូមជំរាបថា Huawei Mate 80 Pro Max គឺមានការប្រើប្រាស់នូវសិនស័រ Dual Telephoto ដែលមានទំហំ 50MP+50MP មានសមត្ថភាពអាចហ៊្សូមបាន 4x និង 6.2x Optical zoom ដែលអាចបង្កើនការ Zooming Parameterបាន 12.4x។ ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងមុខងារហ៊្សួមបាន 100x digital zoom ដែលអាចផលិតរូបភាពបានច្បាស់ខ្លាំង បើទោះបីជាហ៊្សូមងឆ្ងាយក៏ដោយ៕
