
តាមរបាយការណ៌ថ្មីចុងក្រោយនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវ Mate 80 RS Ultimate Design ដែលជាស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មីរបស់ខ្លួន នៅក្នុងត្រីមាសទី 4 នេះ ហើយ ដោយម៉ូដែលនេះ ត្រូវបានគេរំពឹងថា គឺនឹងមានការ Upgrade ទៅលើមុខងារប្រើប្រាស់ជាច្រើន។ ខណៈដែលក្រុមហ៊ុននៅមិនទាន់ទម្លាយជាផ្លូវការអំពីស្មាតហ្វូនជំនាន់ថ្មីនេះ នៅថ្ងៃនេះ មានការបែកធ្លាយជាច្រើនក៏ទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការផ្លាស់ប្តូរជាច្រើន។
បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា Mate RS Ultimate Design គឺជាស្មាតហ្វូន “best-in-class” នៅក្នុងស្មាតហ្វូនប្រណិតរបស់ Huawei។ ស្មាតហ្វូននេះ តែងតែមានមុងារថ្មីៗជាច្រើនជានិច្ច។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់ស្មាតហ្វូន Huawei Mate 80 RS Ultimate Design ថ្មីនេះ។

អេក្រង់ភ្លឺច្បាស់
ខុសប្លែកពីស្មាតហ្វូន Mate 70 RS នេះ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវអេក្រង់រាបស្មើសម្រាប់ស្មាតហ្វូន Mate 80 RS Ultimate Design។ នៅក្នុងនោះ ក្រុមហ៊ុន នឹងបោះបង់ចោលនូវអេក្រង់គែមកោងទៅលើស្មាតហ្វូនប្រណិតនេះដើម្បីកាត់បន្ថយទៅលើថ្លៃដើម និងការប៉ះខូចខាតដោយចៃដន្យថែមទៀតផង។ តាមការទម្លាយមុននេះ និយាយថា ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវ Dual-Layer OLED សម្រាប់ស្មាតហ្វូន Mate 80 RS នេះ ដោយបច្ចេកវិទ្យាថ្មីនេះ នឹងផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យដោយមានផ្តោតទៅលើពណ៌ច្បាស់ជាងមុន ការកាត់បន្ថយថាមពលប្រើប្រាស់តិចជាងមុន និងការការពារពន្លឺពណ៌ខៀវដែលប៉ះពាល់ដល់ភ្នែកថែមទៀតផង។
ការឌីស្សាញ
ក្រុមហ៊ុន Huawei នឹងបន្តក្នុងការប្រើប្រាស់នូវផ្នែកខាងក្រោយ Titanium Frame + Ceramic ទៅលើស្មាតហ្វូន Mate 80 RS Ultimate Design នេះ ហើយក៏អាចនឹងមានការកែប្រែទៅលើពណ៌របស់ស្មាតហ្វូនថ្មីនេះផងដែរ។ គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានបន្ថែមនូវពណ៌ Tahitian Grey ទៅលើស្មាតហ្វូណ Mate 70 RS Ultimate Design ជាមួយនឹងពណ៌ក្រហម និងពណ៌ខ្មៅដែលមានស្រាប់។
បន្ទះឈីបត្រជាក់ Cooling Chip
ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវកង្ហាត្រជាក់ Cooling Fan ទៅផ្នែកកាមេរ៉ារបស់ស្មាតហ្វូន Mate 80 Series នេះ ហើយក៏អាចមានផ្តាច់មុខតែស្មាតហ្វូននេះថែមទៀតផង។ បច្ចេកវិទ្យាថ្មីនេះ គឺជា Micro Pump Driver Chip ដែលអាចទប់ស្កាត់កំដៅ ឬធ្វើអោយស្មាតហ្វូននេះរលត់ ឬគាំងជាដើម។
កាមេរ៉ា Zoom ថ្មី
ក្រុមហ៊ុន Huawei កំពុងតែតេស្តទៅលើសេនស័រកាមេរ៉ាថ្មីសម្រាប់ស្មាតហ្វូន Flagship ជំនាន់ថ្មី។ ស្មាតហ្វូន Mate 80 RS នេះក៏មានការពង្រឹងទៅលើកាមេរ៉ានៃការ Zoom កាន់តែអស្ចារ្យ។ តាមការបែកធ្លាយជាច្រើន បានអោយដឹងថា ស្មាតហ្វូន Huawei Mate 80 RS នេះ ក៏កំពុងតែតេស្តទៅលើ SmartSens lens – SC595XS ថ្មីផងដែរ។ ជាពិសេសស្មាតហ្វូននេះ ក៏កំពុងតែតេស្តជាមួយនឹងកាមេរ៉ា Zoom ថ្មីដែលមានសមត្ថភាពខ្លាំងជាងស្មាតហ្វូន Pura 80 Ultra ថែមទៀតផង។

រ៉េមទំហំដល់ទៅ 24GB
Mate 80 RS Ultimate Design អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Huawei ដែលបំពាក់នូវរ៉េមទំហំ 24GB ។ ស្មាតហ្វូននេះ គឺមានសមត្ថភាពខ្ពស់ក្នុងការដំណើរការនូវការងារជាច្រើនដូចជាការលេងហ្គេម ការទស្សនាវីដេអូកម្រិតគុណភាពខ្ពស់ ឬគ្រប់គ្រងទៅលើការងារជាច្រើនទៀតក្នុងពេលដំណាលគ្នា៕
