
មកដល់ពេលនេះ បើទោះបីជាក្រុមហ៊ុន Huawei នៅតែបន្តរងការដាក់សម្ពាធទៅលើការនាំចូលបន្ទះឈីប TSMC សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នៅតែបន្តពង្រឹងសមត្ថភាពទៅកម្លាំងនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនបានដដែល តាមរយៈនៃការនាំមកនូវបន្ទះឈីបៗរបស់ខ្លួន។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Huawei បានងាកមកចាប់ដៃជាមួយនិងក្រុមហ៊ុនផលិតឈីបរបស់ប្រទេសចិន SMIC សម្រាប់ការអភិវឌ្ឈទៅលើឈីបជំនាន់ថ្មីរបស់ Kirin វិញ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ Huawei នឹងមានការប្រើប្រាស់ឈីបថ្មី ខ្លាំងជាងមុន។

តាមការបង្ហោះបៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ ដោយអ្នកទម្លាយ Digital Chat Station បានបង្ហាញ ពីបន្ទះឈីបជំនាន់ថ្មី Kirin 9030 SoC ដែលនឹងមានសមត្ថភាពខ្ពស់ជាងមុនដល់ទៅ 20%។ សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី Pura 80 Series របស់ខ្លួនផងដែរ ដោយម៉ូដែលនេះមានការបំពាក់នូវបន្ទះឈីប Kirin 9020។ ការបែកធ្លាយនេះក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 series គឺនឹងមានម៉ូដែល Mate 80 និង Mate 80 RS Ultimate edition ហើយស្មាតហ្វូននេះ គឺនឹងមានការបំពាក់នូវបន្ទះឈីបខ្លាំង និងមានល្បឿនខ្លាំងជាងមុន។
គួរបញ្ជាក់ថា មុននេះ មានការទម្លាយថា បន្ទះឈីបជំនាន់ថ្មីនេះ នឹងមានការដាក់អោយដំណើរការនៅលើកម្រិត 5nm ប៉ុន្តែសម្រាប់ពេលនេះ មានដំណឹងថ្មីថា បន្ទះឈីបថ្មីនេះ នឹងមានការប្រើប្រាស់នូវដំណើរការថ្មី។ មកដល់ពេលនេះ បើមើលទៅលើរោងចក្ររបស់ SMIC គឺមិនទាន់អាចផលិតចេញនៅក្នុងកម្រិតនេះបានទេ ដូច្នេះ ដៃគូរទាំងពីរ Huawei និង SMIC អាចនឹងធ្វើការរួមគ្នា ដើម្បើអភិវឌ្ឍទៅលើការផលិតនូវបន្ទះឈីបថ្មីនេះ។

សូមជំរាបថា ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 series នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺនឹងមានការបំពាក់នូវកង្ហានៅស្មាតហ្វូនថ្មីទាំងនេះផងដែរ។ សម្រាប់ Mate 80 RS ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវអេក្រង់ Dual-layer OLED និងមានស៊ុម titanium frame ព្រមទាំងមានការបំពាក់នូវកាមេរ៉ាថ្មី SmartSens ផងដែរ។
