
បន្ទាប់ពីការប្រកាសដាក់សម្ពោធជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មី Pura 80 series ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានងាកមកផ្តោតយ៉ាងខ្លាំងទៅលើស្មាតហ្វូនម៉ូដែលថ្មី Mate 80 Series ដោយថែមទាំងនិយាយថា កាមេរ៉ាគោលដែលមាននៅលើ Huawei Mate 80 Series គឺនឹងប្រើប្រាស់សិនស័រជំនាន់ថ្មី SmartSens ថែមទៀតផង។ យោងតាមការបែកធ្លាយថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុននេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាថ្មីនៅលើស្មាតហ្វូនថ្នាក់ប្រណិតថ្មីនេះ។
តាមការបង្ហោះនៅលើ Weibo របស់អ្នកទម្លាយ Fixed Focus បានកត់សម្គាល់ថា នៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series នឹងមានការប្រើប្រាស់នូវសិនស័រថ្មីជំនាន់ចុងក្រោយ SmartSens សម្រាប់ជាដំណោះស្រាយថ្មី។ លោកបានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ flagship នេះ នឹងមានការបំពាក់នូវសិនស័រ SC595XS។ គួរបញ្ជាក់ថា មុននេះ អ្នកទម្លាយDigitalChatStation ក៏បានបញ្ជាក់ដែរថា Mate 80 series ក៏ប្រហែលជាប្រើប្រាស់នូវសិនស័រជំនាន់ថ្មី SC590XS នេះដូចគ្នា ដោយសារតែក្រុមហ៊ុន Huawei បានធ្វើតេស្តទៅលើសិនស័ថ្មីនេះប៉ុន្មានខែមកហើយ។

គួរបញ្ជាក់ថា ថ្មីៗនេះ SmartSens ទើបតែមានការប្រកាសចេញនូវសិនស័យកាមេរ៉ាថ្មីលំដាប់ Flagship ដែលមានលេខម៉ូដែល SC595XS ទំហំ 50MP ហើយក្រុមហ៊ុននេះបានបញ្ជាក់ថា សិនស័រនេះ គឺមានសមត្ថភាពខ្លាំងទោលើ Dynamic range, Focusing speed និង Power Efficiency។

សម្រាប់ SC595XS គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា SuperPixeGain HDR ដែលមានសមត្ថភាពអាចចាប់យកនូវ Dynamic Range កម្រិត 110dB ខណៈដែលជំនាន់មុនត្រឹមតែ 22dB ប៉ុណ្ណោះ។ ជាមួយនិងសិនស័រថ្មីនេះ គឺអាចធ្វើបានល្អ មិនថាស្ថានភាពពន្លឺបែបណានោះទេ។ យោងតាមព័ត៌មានចុងក្រោយនេះ បាននិយាយថា Mate 80 Series នឹងមានការបង្ហាញខ្លួនជាផ្លូវការណ៌នៅត្រីមាសទី 4 ឆ្នាំនេះហើយ។
