
ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 17 Series ដែលសមិទ្ធិផលថ្មីនេះ នឹងក្លាយជាស្មាតហ្វូនថ្មីមួយមានការពេញនិយមញខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅលើទីផ្សារ។ ប៉ុន្តែសម្រាប់ទីផ្សារប្រទេសចិនវិញ ស្មាតហ្វូនរបស់ Apple ថ្មីអាចនឹងមិនអាចនាំមុខគេស្រួលៗនោះទេ។ យោងតាមអ្នកលេងអ៊ីនធឺណិត និងអ្នកទម្លាយជាច្រើនថ្មីៗនេះ បានបង្ហាញនូវការជឿជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 ស៊េរីថ្មីខាងមុខនេះ នឹងអាចយកឈ្នះទៅលើផ្នែកមួយចំនួនផងដែរ។ តើផ្នែកណាខ្លះ ដែលស្មាតហ្វូនថ្មីនេះ អាចយកឈ្នះទៅលើស្មាតហ្វូន iPhone 17 Series បាន?
តាមអ្នកទម្លាយ DirectorShiGuan ថ្មីៗនេះ ទើបតែចែករំលែកអំពីគំនិតរបស់គាត់ទៅលើការប្រកួតប្រជែងគ្នារវាងក្រុមហ៊ុន Huawei និង Apple នៅក្នុងការប្រកួតប្រជែងស្មាតហ្វូន។ ក្រុមហ៊ុនទាំងពីរនេះ គឺសុទ្ធតែមានចំណែកទីផ្សារខ្លាំងនៅក្នុងទីផ្សារធំៗជាច្រើន។ អ្នកទម្លាយរូបនេះ បានអះអាងថា បើទោះបីជាក្រុមហ៊ុន Huawei កំពុងតែស្ថិតនៅក្នុងការហាមប្រាមពីសហរដ្ឋអាមេរិកក៏ដោយនោះ ក្រុមហ៊ុន Huawei នៅតែអាចយកឈ្នះទៅលើស្មាតហ្វូន iPhone 17 Series បានជាមួយនឹងវត្តមានស្មាតហ្វូន Mate 80 Series។
គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ស្មាតហ្វូនជំនាន់ថ្មីៗរបស់ក្រុមហ៊ុន Apple ត្រូវបានគេចាត់ទុកថាជាវត្ថុដ៏ល្អឥតខ្ចោះដែលបង្ហាញអំពីភាពល្អឥតខ្ចោះ និងប្រណិតភាពលំដាប់ខ្ពស់បំផុត។ អ្នកប្រើប្រាស់ជាច្រើន បានធ្វើការជ្រើសរើសស្មាតហ្វូន iPhone ដើម្បីបង្ហាញអំពីឋានៈរបស់ពួកគេ។ ស្មាតហ្វូននេះ មានការប្រជែងខ្លាំងជាមួយក្រុមហ៊ុនជាច្រើនដូចជា Samsung, Google, Honor និង Huawei ដែលជាក្រុមហ៊ុន Top 10 នៅលើទីផ្សារស្មាតហ្វូនពិភពលោក ដោយសារតែបច្ចេកវិទ្យាដ៏ឆ្លាតវៃរបស់ស្មាតហ្វូននេះ។

អ្នកទម្លាយនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series គឺពិតជាអាចយកឈ្នះទៅលើស្មាតហ្វូន iPhone 17 បានទៅលើទំហំថាមពលថ្ម បច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន ការពង្រឹងទៅលើបច្ចេកវិទ្យាកាមេរ៉ា និងសេវាកាន់តែខ្លាំងជាងមុន។ DirectorShiGuan បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងត្រឡប់មកវិញជាមួយនឹងសមត្ថភាពកាន់តែខ្លាំងនៅក្នុងពេល 2 ឆ្នាំខាងមុខនេះជាមួយនឹងបន្ទះឈីបដ៏ខ្លាំងក្លា និងមុខងារ Harmony OS ជាច្រើនទៀត៕
