ស្វែងរកពួកយើង:

Huawei Mate 80 ពិតជាខ្លាំងមែននៅក្រោមទឹក 51 ម៉ោងហើយនៅតែអាចប្រើបានធម្មតា!

ដោយ

Koun Jab Luffy

17 ធ្នូ 2025 10:01 ព្រឹក

អាន 2 នាទី

Article image
ជារៀងរាល់ឆ្នាំ វត្តមានរបស់ស្មាតហ្វូន Huawei Flagship គឺត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺមានការផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លា កាមេរ៉ាច្បាស់ និងបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យ ហើយសម្រាប់ការបង្ហាញខ្លួនស្មាតហ្វូនជំនាន់ថ្មី Mate 80 ថ្មីៗនេះ គឺកាន់តែអស្ចារ្យបន្ថែមទៀត។ ថ្មីៗនេះមានការបញ្ជាក់ថា Huawei Mate 80 ពិតជាខ្លាំងមែនដោយស្ថិតនៅក្រោមទឹក 51 ម៉ោង ហើយនៅតែអាចប្រើបានធម្មតាដោយគ្មានបញ្ហា ឬខូចអ្វីនោះទេ។
តាមដំណើររឿងហេតុខាងលើនេះ គឺមានអ្នកប្រើប្រាស់ស្មាតហ្វូន Huawei Mate 80 មួយរូប បានធ្លាក់ស្មាតហ្វូននេះ ចូលទៅក្នុងទន្លេ។ បន្ទាប់ពីការស្ថិតនៅក្រោមទន្លេរយៈពេល 51 ម៉ោងមក ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានរកឃើញវិញហើយ ស្មាតហ្វូននេះ គឺពិតជាធន់មែនទែន! រឿងរ៉ាវខាងលើនេះ គឺបានកើតឡើងកាលពីថ្ងៃទី 6 ខែធ្នូ ដោយលោក Yunnan បានជ្រុះស្មាតហ្វូន Huawei Mate 80 របស់គាត់ទៅក្នុងបឹង Yangzonghai Lake នៅក្នុងពេលស្ទូចត្រី។ ស្មាតហ្វូននេះ បានធ្លាក់ចូលទៅក្នុងបឹងដែលមានជម្រៅដល់ទៅ 3.4 ម៉ែត្រ។
Article image
បន្ទាប់ពីឧប្បត្តិវហេតុនេះ អ្នកប្រើប្រាស់នេះ ក៏ទិញស្មាតហ្វូន Mate 80 ថ្មី និងឧបករណ៍ Fish Finder ហើយត្រឡប់ទៅកាន់បឹងនេះ ដើម្បីរកមើលថា គាត់អាចរកស្មាតហ្វូនរបស់គាត់ឃើញទេតាមរយៈ Fish Finder។ រយៈពេល 2 ថ្ងៃក្រោយ គាត់ក៏រកឃើញស្មាតហ្វូន Mate 80 របស់គាត់ដែលធ្លាក់នៅជម្រៅ 3.4 ម៉ែត្រនោះ។ គាត់ ក៏បានស្វែងរកជំនួយ និងយកទូរស័ព្ទរបស់គាត់បានពីបឹងនេះមកវិញផងដែរ។
Article image
ទោះបីជាស្ថិតនៅក្រោមទឹករយៈពេល 51 ម៉ោងក៏ដោយ ស្មាតហ្វូន Huawei Mate 80 នៅតែអាចប្រើប្រាស់បានដោយគ្មានបញ្ហាអ្វីនោះទេ។ ស្មាតហ្វូននេះ នៅអាចដំណើរការទៅលើ Apps, UI និងការងារជាច្រើនទៀតបានដោយរលូន។ អ្វីដែលពិសេសនោះ ស្មាតហ្វូននេះ នៅពេលដែលស្រង់ពីទឹកវិញនៅសល់ថ្ម 11% ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei Mate 80 បានបំពាក់នូវ IP68 សម្រាប់ធន់នឹងការការពារទឹកបានយ៉ាងល្អ។ ក្រុមហ៊ុនក៏ធ្លាប់តេស្តស្មាតហ្វូននេះ នៅក្រោមទឹកជម្រៅ 6 ម៉ែត្ររយៈពេល 30 នាទីផងដែរ។ តាមរយៈនៃឧប្បត្តិវហេតុលើកនេះ ពិតជាបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺអស្ចារ្យជាងអ្វីដែលក្រុមហ៊ុនរំពឹងទុក៕