
នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Huawei ត្រូវបានគេទម្លាយថា មានគម្រោងនៅក្នុងការបញ្ចេញនូវផលិតផលដ៏អស្ចារ្យរបស់ខ្លួនជាច្រើន ហើយសម្រាប់ស្មាតហ្វូន Mate 80 Series ដែលជាម៉ូដែល Flagship គឺនឹងមាន 2 ប្រភេទ ដោយមានមួយម៉ូដែលអាចជាស្មាតហ្វូនដែលមានអេក្រង់តូច។ យោងតាមពាក្យចចាមអារ៉ាមថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ អាចនឹងបង្ហាញស្មាតហ្វូនប្រភេទ Mini របស់ខ្លួនចំនួន 2 ម៉ូដែលផងដែរ នៅចុងឆ្នាំនេះ។ ជាមួយគ្នានេះ បើតាមការបញ្ជាក់ចេញពី @DirectorShiGuan បានអោយដឹងថា ក្រុមហ៊ុន Huawei អាចនឹងបញ្ចេញស្មាតហ្វូន Huawei Mate 80 អេក្រង់តូចចំនួន 2 ម៉ូដែលនៅក្នុងឆ្នាំនេះដូចគ្នា។
ស្មាតហ្វូនលំដាប់ថ្នាក់ Flagship នេះ អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំ 2025 នេះ ហើយសម្រាប់ស្មាតហ្វូនមួយម៉ូដែល អាចនឹងមានអេក្រង់ទំហំ 6.3-អ៊ីង និងមួយទៀតមានអេក្រង់ទំហំ 6.5-អ៊ីង។ ផ្អែកតាមទំហំអេក្រង់នេះ បញ្ជាក់ថា ស្មាតហ្វូនទាំងពីរនេះ គឺសុទ្ធតែមានអេក្រង់តូចជាងស្មាតហ្វូន Mate 70 Series ដែលចេញលក់មុននេះ។ សូមជំរាបថា ស្មាតហ្វូន Huawei Mate 70 ដែលបង្ហាញខ្លួនមុននេះ មានអេក្រង់ទំហំ 6.7-អ៊ីង LTPO OLED ខណៈពេលដែលស្មាតហ្វូន Pro និង RS Ultimate Design មានអេក្រង់ទំហំ 6.9-អ៊ីង។

ជាមួយនិងវត្តមានស្មាតហ្វូនដែលមានអេក្រង់តូចនេះ ត្រូវបានគេជឿជាក់ថា នឹងមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់ និងងាយស្រួលក្នុងការចល័តផងដែរ។ ស្មាតហ្វូនអេក្រង់តូចនេះ ក៏អាចអោយប្រើប្រាស់បានដោយកាន់ដៃម្ខាងបានស្រួល ហើយនិងមានទម្ងន់ស្រាលផងដែរ។ បន្ថែមពីនេះ អេក្រង់តូច មើលទៅក៏មិនមានភាពសំពីងសំពោងក្នុងការប្រើប្រាស់ដូចគ្នា។
ខណៈដែលស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Huawei មានទំហំមធ្យម ឬធំ រួចហើយនោះ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បានសម្រេចចិត្តក្នុងការបញ្ចេញនូវស្មាតហ្វូន Flagship ដែលមានអេក្រង់តូចចំនួន 2 ទៅកាន់អ្នកប្រើប្រាស់ផងដែរ។ កាលពីខែមុននេះ ក្រុមហ៊ុន Huawei ក៏បានបញ្ចេញនូវស្មាតហ្វូនបត់បានទំហំ 6.3-អ៊ីង ដែលងាយស្រួលបំផុតនៅក្នុងការទស្សនាវីដេអូ ការអានសៀវភៅ E-books ឬឆែកមើលនៅលើអ៊ីនធឺណិត។

ស្មាតហ្វូនថ្មីនេះ អាចនឹងមានឈ្មោះហៅថា Huawei Mate 80 mini។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវអេក្រង់ LTPO OLED សម្រាប់ស្មាតហ្វូន Mate 70 series ហើយក៏មានការទ្រទ្រង់ទៅលើកម្រិតពណ៌ 1.07 ពាន់លានពណ៌ល្បឿន 120Hz refresh rate, កម្រិត 2500 nits brightness ហើយនិងកញ្ចក់ការពារ Kunlun Glass ថែមទៀតផង៕
