
នៅថ្ងៃនេះ យោងតាមការបង្ហាញពី Caviar ដែលជាក្រុមហ៊ុនឌីស្សាញផលិតផលប្រណិតៗដែលមានមូលដ្ឋាននៅទីក្រុង Dubai បានបញ្ចេញនូវម៉ូដែលថ្មីរបស់ក្រុមហ៊ុនមួយទៀតហើយ ដោយស្មាតហ្វូននេះ គឺជាម៉ូដែលពិសេសដែលមានការឌីស្សាញរូបរាងថ្មីរំលេចដោយវប្បធម៌ ប្រវត្តិសាស្រ្ត និង ស្ថាបត្យកម្មរបស់ប្រទេសចិន។ ជាមួយនិងវត្តមានម៉ូដែលពិសេសនេះ ត្រូវបានគេអោយឈ្មោះថា “Dragon Spring” នឹងមានការឌីស្សាញនៅលើស្មាតហ្វូនជំនាន់ថ្មីៗរបស់ក្រុមហ៊ុន Huawei ចំនួន 2 ម៉ូដែល រួមមានដូចជា Mate X6 និង Mate 70 RS។
ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺមានការឌីស្សាញរូបរាងតាមទម្រង់ខុសគ្នា ដោយមានពីរម៉ូដែលគឺ Forged Dragon និង Huang He។ សម្រាប់ម៉ូដែលពិសេស Forged Dragon គឺមានការឌីស្សាញនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X6 ដោយតួខ្លួនមានការផលិតចេញពីលោហៈទីតានៀម និងមានរំលេចដោយរូបភាពដាវជាច្រើនដែលរចនាតាបបែបសិល្បៈបុរាណចិន។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា ម៉ូដែលពិសេសនេះ គឺរំលឹកដល់សម័តកាលមួយនៅទីក្រុង Longquan។

ចំពោះម៉ូដែលពិសេស Huang He វិញ គឺមានការឌីស្សាញនៅលើ Huawei Mate 70 RS ដោយម៉ូដែលនេះ គឺមានការរចនាតួខ្លួនពីមាសសុទ្ធកម្រិត 18K។ ម៉ូដែលនេះ គឺក្រុមហ៊ុនមានគោលបំណងចង់បង្ហាញពីទន្លេ Huang He ដែលគ្រប់គ្នាស្គាល់ថា គឺជាទន្លេលឿង។ សម្រាប់ម៉ូដែលថ្មីទាំងពីរនេះ គឺមានផលិតចេញត្រឹមត 88 គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារទូទាំងពិភពលោក។
សូមជំរាបថា ម៉ូដែលពិសេសនេះ ក៏មានវត្តមានរបស់ Huawei Mate XT Ultimate Design Gold Dragon ផងដែរ ប៉ុន្តែស្មាតហ្វូននេះ គឺបានបានបង្ហាញវត្តមាននៅលើទីផ្សារកាលពីខែកញ្ញាកន្លងទៅ។ សម្រាប់ម៉ូដែលនេះ គឺមានការឌីស្សាញចេញពីមាសកម្រិត 24K ហើយនិងមានការរចនាជាមួយនិងរូបនាគ ដែលបញ្ជាក់សិល្បៈវប្បធម៌របស់ចិនផងដែរ។

ក្រឡេកមកមើលតម្លៃរបស់ Forged Dragon គឺមានតម្លៃ $12,200 សម្រាប់ទំហំ 512GB ខណៈដែលម៉ូដែល Huang He មានតម្លៃ $11,490 សម្រាប់ទំហំ 512GB។ ចំពោះទំហំ 1TB គឺមានតម្លៃ $11,840។
