
ក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនអេក្រង់បត់បីតង់ដំបូង Mate XT Ultimate របស់ខ្លួនកាលពីខែកញ្ញាឆ្នាំ 2024 ហើយក្នុងពេលនេះក៏មានលេចលឺដំណឹងថាស្មាតហ្វូនអេក្រង់បត់បីបត់ជំនាន់ទីពីរក៏អាចនឹងបង្ហាញបង្ហាញវត្តមានក្នុងពេលដូចគ្នាក្នុងឆ្នាំនេះដែរ ហើយ Huawei បាននឹងកំពុងធ្វើការជាមួយស្មាតហ្វូនជំនាន់ថ្មីនេះ។ បើតាមប្រភពបញ្ចេញដោយគណនី Digital Chat Station ថ្មីៗនេះ បានបង្ហើបថា ស្មាតហ្វូនអេក្រង់បត់បីបត់ជំនាន់ទីពីររបស់ Huawei Mate XT Ultimate នឹងបង្ហាញខ្លួននៅឆមាសទីពីរក្នុងឆ្នាំ 2025 នេះ។
ប្រភពដដែលបានបញ្ជាក់ដូច្នេះថា សម្រាប់ជំនាន់ទីពីររបស់ Mate XT Ultimate ទំនងជានឹងបន្តប្រើបច្ចេកវិទ្យាអេក្រង់ទំហំប៉ុនគ្នានឹងជំនាន់ដំបូងដដែល ប៉ុន្តែ គឺមានការបង្កើននូវសមត្ថភាពលើផ្នែកសំខាន់ៗថ្មីមួយចំនួន។ ស្មាតហ្វូនអេក្រង់បីបត់ជំនាន់ថ្មីរបស់ Huawei អាចនឹងប្រើប្រាស់បន្ទះឈីប Kirin ជំនាន់ថ្មីដែលអភិវឌ្ឍន៍ផលិតដោយប្រើនូវប្រព័ន្ធថ្មីហៅថា N-1 node ដែលបន្ទះឈីបជំនាន់ថ្មីនេះ អាចជា Kirin 9020 ដែលជាជំនាន់ថ្មីបន្ទាប់ពី Kirin 9010 ដែលបានប្រើនៅលើ Mate XT Ultimate បច្ចុប្បន្ន។ ជាមួយគ្នានេះ DCS ក៏បានបញ្ជាក់ថា Second Generation របស់ Mate XT Ultimate ក៏នឹងមានការបង្កើនសមត្ថភាពប្រព័ន្ធកាមេរ៉ាថតរូបផងដែរ គ្រាន់តែមិនបានបញ្ជាក់ពីសមាសភាពសែនស័រដែលត្រូវប្រើ។

សម្រាប់ Huawei Mate XT Ultimate បច្ចុប្បន្នបានបំពាក់នូវបច្ចេកវិទ្យាអេក្រង់បត់បីបត់ជាប្រភេទ Flexible LTPO-OLED Panel ដែលបត់ផ្គុំជាពីរទម្រង់បញ្ចូលគ្នា និងនៅពេលពន្លាវានឹងក្លាយជា Tablet ដែលមានអេក្រង់ទំហំ 10.2-inch។ Mate XT Ultimate ដំណើរការដោយប្រតិបត្តិការ HarmonyOS ចេញពីប្រអប់តែម្តងជាមួយនឹងការអភិវឌ្ឍន៍បញ្ចូលគ្នានូវរបៀបប្រើប្រាស់ជា Smartphone និង Tablet ជាមួយមុខងារកំណត់ការប្រើប្រាស់សំខាន់ៗចំនួន 10 (ten mode) ដែលផ្តល់នូវបទពិសោធន៍ក្នុងការប្រើប្រាស់ថ្មីកាន់តែទំនើប និងកាន់តែអស្ចារ្យ។ សម្រាប់ផ្នែករឹងគាំទ្រនូវប្រព័ន្ធដំណើរការទូទៅវិញ គឺពឹងលើបន្ទះឈីប Kirin 9010 ដែលផលិតដោយក្រុមហ៊ុន Huawei ផ្ទាល់តែម្តង។

Mate XT Ultimate គាំទ្រដំណើរការដោយរ៉េមទំហំ 16GB LPDDR5X ជាមួយអង្គផ្ទុកទិន្នន័យទំហំចាប់ពី 256GB/512GB ដល់ 1TB។ Tri-Foldable Smartphone នេះ មានកាមេរ៉ា 4 គ្រាប់ដោយក្នុងនោះមានទំហំ 50MP ជាកាមេរ៉ាគោល, ទំហំ 12MP ចំនួនពីរគ្រាប់ជាកាមេរ៉ា Ultrawide និង Periscope រួមនឹងកាមេរ៉ាសែលហ្វីទំហំ 8MP។ សម្រាប់ថ្មវិញ មានទំហំ 5,600mAh ជាប្រភេទថ្ម Si/C Li-ion និងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 66W Wired Charging និង 50W Wireless Charging ជាមួយមុខងារ reverse wireless charging កំលាំង 7.5W និង 5W reverse wired charging ថែមទៀតផង៕
